Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ដាក់​គោលដៅ​ចង់​បាន​គ្រូ​បង្វឹក​រូប​នេះ ប្រសិន​បើ Carlo Ancelotti ចាកចេញ​នៅ​ឆ្នាំ​ក្រោយ

Published

on

តាម​សេចក្តី​រាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​អធិរាជ​ស Real Madrid នឹង​សម្លឹង​មើល​ការ​តែងតាំង​គ្រូបង្វឹក​របស់​ក្លឹប Bayer Leverkusen គឺ​លោក Xabi Alonso ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ​នៅ​ឆ្នាំ 2024។ បច្ចុប្បន្ន​លោក Carlo Ancelotti នៅ​តែ​​កាន់​តំណែង​នៅ Santiago Bernabeu បើ​ទោះបី​ជា​គាត់​មិន​អាច​ជួយ​ក្លឹប​ឲ្យ​​ឈ្នះ​ពាន La Liga រឺ UEFA Champions League កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ។

យ៉ាង​ណា​មិញ នៅ​រដូវកាល​ថ្មី​នេះ Real Madrid នៅ​តែ​ចាប់ផ្តើម​ជា​មួយ​នឹង​ទម្រង់​ដ៏​លេច​ធ្លោរ ដោយទទួល​បាន​ជ័យ​ជម្នះ​ចំនួន 5 ដង​ជាប់ៗ​គ្នា នៅ​ក្នុង​ការ​ប្រកួត​លីគ មុន​ពេល​បរាជ័យ​ចុង​ក្រោយ​កាល​ពី​ថ្ងៃអាទិត្យ​មុន​ជាមួយ Atletico Madrid។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Real Madrid ដឹងថា រដូវកាល​នេះ​អាច​នឹង​ជា​រដូវកាល​ចុង​ក្រោយ​របស់​គ្រូ​បង្វឹក​លោក Carlo Ancelotti ហើយ ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ ត្រៀម​នឹង​ចាកចេញ​ទៅ​ស្វែងរក​ក្លឹ​ប​ថ្មី​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល។

កន្លង​មក Ancelotti ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង ជាមួយ​នឹង​ការងារ​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល តែ​​ក្រោយ​មក​បុរស​វ័យ 64 ឆ្នាំ​រូបនេះ​បាន​បដិសេធ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ ​ពេញ​មួយ​អាជីព​បាល់ទាត់​របស់ Carlo Ancelotti គាត់​មិន​ទាន់​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ណា​មួយ​ឡើយ។

ទោះ​ភាព​ច្បាស់លាស់​នៃ​អនាគត​របស់ Carlo Ancelotti មិន​ដឹង​យ៉ាង​ណា​ក៏​ដោយ ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​គិត​ទុក​ជា​មុន​រួច​ស្រេច​ហើយ​ថា នឹងពិចារណា​ជម្រើស​គ្រូ​បង្វឹក​ឆ្នើម​ម្នាក់​មក​កាន់​តំណែង​បន្ត គឺ​លោក Xabi Alonso។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មាន​ឈាម​ជ័រ​ជា​កីឡាករ​របស់​ក្លឹប Real Madrid ហើយ​បច្ចុប្បន្ន​កំពុង​ដឹកនាំ​យ៉ាង​លេច​ធ្លោរ​ជាមួយ​ក្លឹប​អាឡឺម៉ង់ Bayer Leverkusen។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២