បាល់ទាត់អន្តរជាតិ
Thomas Partey ត្រៀមស្វាគមន៍សមាជិកថ្មីជាលើកដំបូង ជាមួយដៃគូស្នេហាជាតារាម៉ូដែល

ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Thomas Partey នឹងក្លាយជាឪពុកឆាប់ៗនេះ បន្ទាប់ពីសង្សាររបស់គាត់ Janine Mackson បានប្រកាសថា ពួកគេកំពុងរង់ចាំការសម្រាលកូនជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញអ្នកនាង Janine Mackson ត្រូវបានគេដឹងថា មានអាជីពជាតារាម៉ូដែលមួយរូបផងដែរ។
កីឡាករសញ្ជាតិហ្គាណា និងដៃគូរបស់គាត់ Janine Mackson បានទាក់ទងគ្នាមួយរយៈមកហើយ បើទោះជាពួកគេមិនបានបង្ហាញទំនាក់ទំនងជាសាធារណៈក៏ដោយ។ Thomas Partey នឹងស្គាល់រសជាតិនៃការធ្វើជាឪពុករបស់គេជាលើកដំបូង ដែលជាជំពូកថ្មីនៃជីវិតរបស់គាត់ក្រៅពីការប្រកបអាជីពជាកីឡាករបាល់ទាត់។
អតីតកីឡាករឆ្នើមរបស់ក្លឹប Atletico Madrid រូបនេះបច្ចុប្បន្នមានវ័យ 30 ឆ្នាំ កំពុងសម្រាកព្យាបាលរបួស ដោយគាត់បានអវត្តមានពីលើទីលានប្រកួតតាំងពីថ្ងៃទី 26 ខែសីហា ឆ្នាំ 2023 មក។ គាត់ត្រូវបានគេរំពឹងថា នឹងត្រឡប់មកវិញ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ខណៈដែល Arsenal នៅតែមានទម្រង់លេងដ៏ល្អ ដែលអាចរំពឹងថា នឹងឈ្នះពាន Premier League នារដូវកាលនេះ បន្ទាប់ពីខកខានឈ្នះពានលីគ អស់រយៈពេល 20 ឆ្នាំមកហើយ។
ប្រភព: Sportsbrief