បាល់ទាត់អន្តរជាតិ
Di Lorenzo លើកឡើងថា Osimhen អាចជួយក្រុមរបស់ពួកគេឲ្យឈ្នះការប្រកួតទល់នឹង Real Madrid រំលងអាធ្រាតនេះបាន!!!

កាពីតែនក្រុមរបស់ក្លឹប Napoli គឺកីឡាករ Giovanni Di Lorenzo ជឿជាក់ថា មិត្តរួមក្រុមរបស់ខ្លួន Victor Osimhen អាចជួយឲ្យពួកគេយកឈ្នះ Real Madrid បាន។ យ៉ាងណាមិញ នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) Napoli នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid ដែលជាការប្រកួតវគ្គជម្រុះក្នុងពូលនៃក្របខណ្ឌ UEFA Champions League។
Di Lorenzo បាននិយាយនៅក្នុងបទសម្ភាសន៍មុនការប្រកួតកាលពីម្សិលមិញនេះថា៖ “គាត់ (Osimhen) តែងតែផ្ដល់អ្វីមួយសម្រាប់មិត្តរួមក្រុមរបស់គាត់ ដូចដែលអ្នកបានឃើញនៅក្នុងការប្រកួតដែលយើងទទួលជ័យជម្នះលើ Lecce។ សម្រាប់ពួកយើង គាត់នៅតែជា Osimhen ដូចពីមុន ជាកីឡាករដ៏អស្ចារ្យម្នាក់ដែលបញ្ចេញអស់ពីសមត្ថភាព ហើយគាត់នឹងបន្តធ្វើបែបនេះ នៅថ្ងៃស្អែក”។
គួរដឹងផងដែរថា ប្រវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរមានចំនួន 4 ដង ប៉ុន្តែ Napoli មិនធ្លាប់ឈ្នះ Real Madrid ឡើយ ដោយចាញ់ 3 ស្មើ 1។ នៅរដូវកាល 1987/1988 ក្លឹបអធិរាជស Real Madrid បានលុត Napoli សរុបទាំងពីរជើង 3-1។ ក្រោយមកទៀតនៅរដូវកាលឆ្នាំ 2016/2017 Real Madrid នៅតែបន្តឈ្នះ Napoli ដោយការប្រកួតទាំងពីរលើកនៅរដូវកាលនោះសរុប 6-2។
ប្រភព: Dailypost NG