បាល់ទាត់អន្តរជាតិ
Mac Allister អាចនឹងរងការពិន័យធ្ងន់ធ្ងរ ពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA)

កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបច្ចុប្បន្នកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លឹបហង្សក្រហម Liverpool គឺខ្សែបម្រើ Alexis Mac Allister អាចនឹងរងការពិន័យធ្ងន់ធ្ងរពី FA ពាក់ព័ន្ធនឹងករណីដែលកីឡាកររូបនេះបញ្ចេញមតិដោយបើកចំហរចោទប្រកាន់ការប្រកួតរវាង Tottenham Hotspur និង Liverpool កាលពីចុងខែមុន ជាការស៊ីសំណូករបស់អាជ្ញាកណ្ដាល។
គួររំលឹកផងដែរថា នៅក្នុងការប្រកួតនោះ Tottenham Hotspur បានយកឈ្នះ 2-1 ដោយគ្រាប់បាល់ចុងក្រោយជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Joel Matip។ ដូចគ្នានេះដែរ Liverpool បានស៊ូទ្រាំយ៉ាងលំបាកក្នុងការតទល់នឹង Tottenham Hotspur ដោយពួកគេមានគ្នាត្រឹមតែ 9 នាក់ប៉ុណ្ណោះ បន្ទាប់ពី Curtis Jones និង Diogo Jota បានទទួលកាតក្រហម។ លើសពីនេះទៅទៀត នៅក្រោយការប្រកួតក៏មានរឿងរ៉ាវចម្រូងចម្រាស់លើគ្រាប់បាល់ Off-side របស់ Luis Diaz ទៀតផង។
យោងតាមរបាយការណ៍ពី SkySports បានឲ្យដឹងថា Alexis Mac Allister អាចនឹងរងការពិន័យធ្ងន់ធ្ងរ ពីសហព័ន្ធបាល់ទាត់របស់អង់គ្លេស ក្រោយគេសរសេរបញ្ចេញមតិលើបណ្ដាញសង្គម Instagram របស់ខ្លួនថា “Tottenham Hotspur បានលេងនៅក្នុងការប្រកួតដោយមានសមាជិក 12 នាក់ (សំដៅលើអាជ្ញាកណ្ដាលម្នាក់ទៀតលើទីលាន)”។
ប្រភព: GOAL