បាល់ទាត់អន្តរជាតិ
Barcelona ឈ្នះ Porto 1-0 ទាំងព្រលឹងចុងសក់ (មានវីដេអូ)

ខ្សែប្រយុទ្ធស្លាប Ferran Torres ដែលដំបូងឡើយជាជម្រើសកីឡាករបម្រុង បានក្លាយជាតួអង្គឯកនៅក្នុងការរកគ្រាប់បាល់ជ័យជម្នះរបស់ Barcelona ក្នុងការប្រកួតវគ្គជម្រុះក្នុងពូលនៃក្របខណ្ឌ UEFA Champions League កាលពីរំលងអាធ្រាតយប់មិញនេះ។
ក្លឹបអ្នកមានបុណ្យ Barcelona បានយកឈ្នះក្រុមម្ចាស់ផ្ទះ FC Porto ត្រឹមតែ 1-0 ប៉ុណ្ណោះ។ យ៉ាងណាមិញ Ferran Torres បានប្ដូរចូលជំនួស Robert Lewandowski ដែលរងរបួសកជើង នៅនាទីទី 34 ហើយមិនយូរប៉ុន្មាននៅចុងតង់ទីមួយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏បានស៊ុតបំប៉ោងសំណាញ់ទីមួយគ្រាប់នោះតែម្ដង។
បន្តពីនោះមក Barcelona មានឱកាសតិចតួចបំផុត ក្នុងការព្យាយាមស៊ុតបន្ថែមទៀត ស្របពេលដែល FC Porto បានតស៊ូប្រយុទ្ធដើម្បីរកគ្រាប់បាល់បានស្មើវិញ។ មិនតែប៉ុណ្ណោះ នៅនាទីទី 90+3 Barcelona បានបាត់បង់សមាជិកម្នាក់របស់ខ្លួនគឺខ្សែបម្រើ Pablo Gavi ដែលទទួលបានកាតលឿងលើកទីពីរស្មើនឹងកាតក្រហម។
លទ្ធផល 1-0 បន្ទាប់ពីការប្រកួតទល់នឹង FC Porto នេះ បានធ្វើឲ្យ Barcelona ឈរនៅកំពូលតារាងក្នុងពូល H ដោយមាន 6 ពិន្ទុពេញ ខណៈដែល Porto នៅតែស្ថិតនៅលេខ 2 ដដែល ជាមួយនឹង 3 ពិន្ទុ នាំមុខក្រុមចំណាត់ថ្នាក់លេខ 3 Shakhtar Donetsk លើគ្រាប់បាល់ស៊ុតបញ្ចូលទី។
ទស្សនាវីដេអូហាយឡាយនៃការប្រកួតខាងក្រោម៖
ប្រភព: Sportsmole