Connect with us

បាល់ទាត់អន្តរជាតិ

Sergi Roberto ត្រៀម​ចាកចេញ​ទៅ​លេង​នៅ​ទឹកដី​អាមេរិច ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ខ្សែបម្រើ Sergi Roberto របស់​ក្លឹប​អ្នក​មានបុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​បញ្ចប់​ពេល​វេលា​របស់​គាត់​នៅ Camp Nou នា​ចុង​រដូវកាល​នេះ​ហើយ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ដាក់​ត្រៀម​គោលដៅ​របស់​ខ្លួន​រួច​ហើយ គឺ​ការ​ផ្លាស់​ទៅ​កាន់​លីគ​កំពូល​នៃ​សហរដ្ឋអាមេរិក។

កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​បាន​រួមរស់​នៅ​ជាមួយ​ក្លឹប​យក្ស​កាតាឡាន់​តាំង​ពី​ឆ្នាំ 2006 ដោយ​ចំណាយ​ពេល​ជាមួយ​ឈុត​យុវជន​របស់​ក្លឹប​អស់​រយៈពេល 3 ឆ្នាំ មុន​ពេល​ត្រូវ​បាន​ចូលរួម​ជាមួយ Barcelona B ក្នុង​ឆ្នាំ 2010។ ចាប់​តាំង​ឡើង​មក​លេង​ជាមួយ​ឈុត​ធំ​មក Sergi Roberto បាន​លេង​តំណាង​ឲ្យ Barcelona សរុប​ចំនួន 355 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 17 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 40 ដង។

ក្នុង​អាជីព​បាល់ទាត់​របស់ Sergi Roberto គាត់​បាន​ឈ្នះ​ពាន​ជាច្រើន​ដូច​ជា La Liga 7 ដង, ពាន Copa del Rey 6 ដង, ពាន Spanish Super Cup 3 ដង, ពាន UCL 2 ដង, UEFA Super Cup 1 និង Club World Cup 1 ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ Roberto មិន​មែន​ជា​កីឡាករ​សំខាន់​របស់ Barcelona ដូច​ពី​មុន​ឡើយ។ ជា​មួយ​នឹង​ទម្រង់​លេង​ធ្លាក់​ចុះ បូក​ផ្សំ​នឹង​ការ​ព្យាយាម​ប្រើប្រាស់​កីឡាករ​ដែល​មាន​គុណភាព​ផ្សេង​ទៀត​នោះ ច្បាស់ណាស់​ថា គាត់​នឹង​ចាកចេញ​នៅ​ពេល​ផុត​កុងត្រា​ជាមួយ Barcelona នៅ​ឆ្នាំ​ក្រោយ។

យោងតាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា Roberto ចង់​ផ្លាស់​ទៅ​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ​មាន​អតីត​មិត្តរួម​ក្រុម​របស់​គាត់ Lionel Messi, Sergio Busquets និង Jordi Alba។ របាយការណ៍​នេះ​ដែរ បាន​អះអាង​បន្ថែម​ទៀត​ថា ជម្រើស​ដំបូង​របស់​ខ្សែបម្រើ​រូប​នេះ គឺ​អាច​នឹង​ចូលរួម​ជាមួយ​ក្លឹប New York City រឺ New York Red Bulls ដែល​ស្ថិត​នៅ​លីគ​កំពូល MLS ជាមួយ Inter Miami ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២