បាល់ទាត់អន្តរជាតិ
Messi ច្រានចោលពាក្យចចាមអារ៉ាមដែលថា គាត់នឹងចាកចេញពី Inter Miami ក្នុងលក្ខខណ្ឌខ្ចីជើង

តារាឆ្នើម Lionel Messi បានច្រានចោលរបាយការណ៍ដែលអះអាងថា គាត់នឹងចាកចេញពីក្លឹប Inter Miami ក្នុងលក្ខខណ្ឌខ្ចីជើងទៅលេងឲ្យក្លឹបមួយផ្សេងទៀតនៅពេលដែលលីគកំពូលរបស់អាមេរិច MLS បិទបញ្ចប់។ យ៉ាងណាមិញ Inter Miami បានបរាជ័យក្នុងការប្រកួតជម្រុះ MLS ហើយពួកគេនឹងជួប Charlotte FC នៅ 2 ប្រកួតចុងក្រោយ មុនបិទរដូវកាល។
បន្តពីនោះមក Lionel Messi នឹងមានការសម្រាកដ៏យូរ រហូតដល់ឆ្នាំ 2024 ទើបការប្រកួតប្រជែងនៅលីគកំពូលរបស់សហរដ្ឋអាមេរិចចាប់ផ្ដើមឡើងវិញ។ មានការរំពឹងទុកថា Messi អាចត្រឡប់ទៅចូលរួមជាមួយ Barcelona វិញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងអំឡុងពេលបិទរដូវកាលរបស់ MLS ដើម្បីរក្សាទម្រង់លេងរបស់គាត់ មិនឲ្យធ្លាក់ចុះ។
ទោះជាយ៉ាងណា នៅពេលត្រូវបានគេសួរថា តើគាត់កំពុងពិចារណាលេងឲ្យក្លឹបណាផ្សេងនៅខែធ្នូ រឺអត់ Messi បានឆ្លើយតបថា៖ “អត់ទេ… ខ្ញុំខកខានការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ ដោយមានរបួសជាច្រើន។ ការប្រកួតក្នុងខែកក្កដាពិតជាពិបាកណាស់សម្រាប់យើង យើងលេងបីថ្ងៃម្ដង ហើយយើងធ្វើដំណើរផងដែរ។ ប៉ុន្តែយើងបានឈ្នះការប្រកួតដែលសំខាន់ៗសម្រាប់ក្លឹប និងសម្រាប់អ្វីដែលនឹងមកដល់នៅឆ្នាំក្រោយ”។
ប្រភព: Dailypost NG