Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​មួយ​រូប​របស់ Barcelona ពោល​សរសើរ​ថា Jude Bellingham មាន​​សមត្ថភាព​ល្អ​ឥតខ្ចោះ

Published

on

អតីត​ខ្សែបម្រើ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​កីឡាករ Ivan Rakitic បាន​ចាត់​ទុក Jude Bellingham គឺ​ពិត​ជា​សាក​សម​ឥតខ្ចោះ​ក្នុង​ការ​លេង​ឲ្យ Real Madrid។ យ៉ាង​ណា​មិញ Bellingham ដែល​បច្ចុប្បន្ន​មាន​វ័យ 20 ឆ្នាំ គឺ​ជាខ្សែបម្រើ​វ័យក្មេង​ដ៏​ល្អ​បំផុត​ម្នាក់​នៃ​ជំនាន់​របស់​គាត់។

ទោះបី​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​កំពូលៗ​ជា​ច្រើន​ក៏ដោយ ក្លឹប​អធិរាជស Real Madrid បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើម​យក Jude Bellingham កាល​ពី​ដើម​រដូវកាល​នេះ ដោយ​ពួក​គេ​បាន​ចំណាយ​ប្រាក់​ចំនួន 103 លានអឺរ៉ូ ដើម្បី​នាំ​យក​គាត់​ពី​ក្លឹប​អាឡឺម៉ង់ Borussia Dortmund។

នៅ​ជាមួយ​ក្លឹប​ថ្មី Jude Bellingham មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដោយ​ស៊ុតបញ្ចូលទី​បាន 10 គ្រាប់ និង Assists 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 10 ប្រកួត​នៅ​លីគ​កំពូល La Liga និង UEFA Champions League រដូវកាល​នេះ។

ដោយ​លើក​សរសើរ​ពី​គុណភាព​របស់​ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ Rakitic ដែល​ធ្លាប់​ជា​អតីត​កីឡាករ​របស់ Barcelona បាន​និយាយ​ថា៖ “Jude Bellingham? ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​មួយ​គាត់​កាល​ពី 2 ឆ្នាំមុន។ យើង​លេង​តទល់​​នឹង Borussia Dortmund ហើយ​គាត់​បាន​សុំអាវ​របស់​ខ្ញុំ។ យើង​បាន​និយាយ​គ្នា ដោយ​ខ្ញុំ​បាន​ប្រាប់​គាត់​ឲ្យ​មក​លេង​នៅ La Liga”។

Rakitic បាន​បន្ថែម​ទៀត​ថា៖ “គាត់​ល្អ​​ប៉ុណ្ណា! វា​មិនមែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ។ ខ្ញុំ​បាន​លេង​ជាមួយ​គាត់ ហើយ​ខ្ញុំ​ដឹង​ថា គាត់​ខ្លាំង​កម្រិត​ណា។ គាត់​សាកសម​ឥតខ្ចោះ​សម្រាប់ Real Madrid”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២