បាល់ទាត់អន្តរជាតិ
Karim Adeyemi បដិសេធមិនផ្ទេរទៅបិសាចក្រហម ដើម្បីចូលរួមជាមួយ Borussia Dortmund

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្លឹប RB Salzburg គឺកីឡាករ Karim Adeyemi បានបញ្ជាក់ថា ពួកគេបានច្រានចោលសំណើររបស់ក្លឹបបិសាចក្រហម Manchester United ហើយយល់ព្រមសម្រាប់ការចូលរួមជាមួយ Borussia Dortmund នៅរដូវក្ដៅនេះ។
យ៉ាងណាមិញ កាលពីចុងឆ្នាំមុនថា Adeyemi បានព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Dortmund រួចទៅហើយ ប៉ុន្តែការពិភាក្សាបានជាប់គាំងនៅចំណុចមួយ។ ដោយឡែកពេលនេះ Borussia Dortmund នឹងព្យាយាមឈានដល់កិច្ចព្រមព្រៀងកាន់តែឆាប់រហ័ស ក្នុងការនាំយក Adeyemi មកជំនួសកន្លែង Erling Haaland ដែលត្រៀមនឹងចាកចេញទៅ Manchester City។
លើសពីនេះទៅទៀត ភ្នាក់ងាររបស់កីឡាករ Adeyemi គឺលោក Thomas Solomon បានផ្ដល់ដំណឹងជាផ្លូវការណ៍នេះទៅកាន់លោក Fabrizio Romano ថា កិច្ចព្រមព្រៀងជាមួយ Borussia Dortmund ជិតរួចរាល់ហើយ និងបានប្រាប់ថា ពួកគេមិនជ្រើសរើសការផ្ទេរទៅបិសាចក្រហម Manchester United ឡើយ។
ខ្សែប្រយុទ្ធ Karim Adeyemi តែងតែមានចិត្តចង់ផ្លាស់ទៅលេងនៅស្រុកកំណើតគាត់វិញ គឺប្រទេសអាឡឺម៉ង់។ ដូច្នេះជម្រើសដែលអាចផ្ទេរទៅកាន់ក្លឹប Borussia Dortmund គឺជារឿងដែលសមបំណងបំផុត។ កីឡាករវ័យ 20 រូបនេះ ត្រូវបាន RB Salzburg នាំយកមកពី FC Liefering កាលពីឆ្នាំ 2019 ដោយនៅរដូវកាលនេះរកបាន 19 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 4 ដង ក្នុងការបង្ហាញខ្លួន 27 នៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹប។
ប្រភព: 90 Min