បាល់ទាត់អន្តរជាតិ
Pep Guardiola បកស្រាយពីឱកាសដែល Messi អាចឈ្នះពាន World Cup 2022

លោក Pep Guardiola បាននិយាយអំពីឱកាសរបស់ Lionel Messi ក្នុងការឈ្នះពាន World Cup ជាមួយអាហ្សង់ទីននៅចុងឆ្នាំនេះ។ ក្រុមរបស់ Messi ដែលដឹកនាំដោយលោក Lionel Scaloni បានឈ្នះពានរង្វាន់ Copa America ក្នុងឆ្នាំ 2021 ម្ដងរួចទៅហើយ បើទោះបីជាគ្រូបង្វឹករូបនេះ ទើបតែកាន់តំណែងគ្រូបង្វឹកជាលើកដំបូងក៏ដោយ។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយ Telemundo Sports គ្រូបង្វឹករបស់ក្លឹប Manchester City រូបនេះបាននិយាយថា “ការឈ្នះពានរង្វាន់ Copa America សម្រាប់ក្រុមណាមួយ នោះវានឹងផ្តល់ឲ្យអ្នកនូវអារម្មណ៍ដែលយើងធ្វើបានជោគជ័យ។ ហើយខ្ញុំប្រាកដថា វានឹងជួយដល់ការប្រកួត World Cup។ ខ្ញុំបានឃើញក្រុមរបស់លោក Scaloni តិចតួច ប៉ុន្តែពួកគេមិនធ្លាប់ស្គាល់ពាក្យថាចាញ់ អស់រយៈពេលជាយូរមកហើយ ហើយអារម្មណ៍ ភាពឈ្នះ មិនចេះចាញ់នោះ នឹងផ្តល់កម្លាំងដល់អ្នក”។
Pep Guardiola បានបន្ថែមទៀតថា “Messi មានសមត្ថភាពពិសេសក្នុងការបង្ហាញសកម្មភាពលេងគ្រប់តំបន់ ដោយមិនមានអ្នកណាអាចធ្វើបាន។ គាត់អាចស៊ុតបញ្ចូលទី រឺអាចបង្កើតឱកាសឲ្យមិត្តរួមក្រុមរបស់គាត់ដូចជា Di Maria, Lautaro រឺ Julian Alvarez។ អារម្មណ៍នៃកម្លាំងនេះ គឺអស្ចារ្យណាស់”។
គួររំលឹកផងដែរថា ក្នុងការចាប់ឆ្នោត World Cup ថ្មីៗនេះ អាហ្សង់ទីន ស្ថិតក្នុងពូល C ជាមួយម៉ិកស៊ិក អារ៉ាប៊ីសាអូឌីត និងប៉ូឡូញ។
ប្រភព: 90 Min