បាល់ទាត់អន្តរជាតិ
Bayer Leverkusen ចាប់អារម្មណ៍លើខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹប Girona
ក្លឹប Bayer Leverkusen ដែលបានក្លាយជាជើងឯកលីគកំពូលអាឡឺម៉ង់ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ កំពុងចាប់ផ្តើមរៀបចំផែនការរបស់ក្រុមបន្តទៀតនៅរដូវក្ដៅខាងមុខ ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងនារដូវកាលក្រោយ (2024/2025)។
យោងតាមរបាយការណ៍ពីអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Bayer Leverkusen កំពុងចាប់អារម្មណ៍ក្នុងការទិញយកកាពីតែនក្រុម និងជាខ្សែបម្រើកណ្តាលរបស់ក្លឹប Girona គឺកីឡាករ Aleix Garcia។ គេបានដឹងថា Bayer Leverkusen បានធ្វើការសាកសួរត្រួសៗទៅកាន់ Girona រួចហើយផងដែរ ដើម្បីស្វែងយល់ពីលក្ខខណ្ឌនៃការលក់ខ្សែបម្រើឆ្នើមរូបនេះ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនមានតែ Bayer Leverkusen ប៉ុណ្ណោះទេ ប៉ុន្តែក្លឹបយក្សអេស្ប៉ាញ Barcelona ក៏ចាប់អារម្មណ៍លើ Aleix Garcia ដូចគ្នា។ ក្លឹប Barcelona ធ្លាប់បានព្យាយាមចុះហត្ថលេខាលើកីឡាករវ័យ 26 ឆ្នាំរូបនេះម្ដងរួចមកហើយ កាលពីខែមករាប៉ុន្តែមិនបានសម្រេច។ ក្លឹបកាតាឡាន់ នឹងព្យាយាមធ្វើការចរចាជាថ្មីម្ដងទៀត ជាមួយក្លឹប Girona នៅរដូវក្ដៅនេះ។
ប្រភព: Dailysports