បាល់ទាត់អន្តរជាតិ
Casemiro វិលត្រឡប់ចូលទីលានហ្វឹកហាត់វិញ ត្រៀមបង្ហាញខ្លួនក្នុងជំនួបទល់នឹង Bayern Munich ថ្ងៃពុធនេះ
ខ្សែបម្រើ Casemiro របស់ក្លឹបបិសាចក្រហម Manchester United បានត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញ មុនការប្រកួត UEFA Champions League នៅថ្ងៃពុធសប្ដាហ៍នេះ ដែលត្រូវប៉ះជាមួយ Bayern Munich។ យ៉ាងណាមិញ បិសាចក្រហមនឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ដែលជាការប្រកួតចុងក្រោយក្នុងវគ្គចែកពូលនៃក្របខណ្ឌ UCL។
ដោយឡែក Casemiro មិនបានបង្ហាញខ្លួនក្នុងការប្រកួតសម្រាប់បិសាចក្រហមចាប់តាំងពីការប្រកួតដែលពួកគេចាញ់ Newcastle United នៃពានរង្វាន់ EFL Cup នៅថ្ងៃទី 1 ខែវិច្ឆិកាមកម្ល៉េះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ដំបូងឡើយបានរងរបួសកជើងតិចតួចប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកទៀត ការប្រកួតទល់នឹង Newcastle United បានធ្វើឲ្យគាត់មានរបួសជាថ្មី ដែលជាបញ្ហាសរសៃពួរ។
ជាលទ្ធផល អតីតកីឡាកររបស់ក្លឹប Real Madrid រូបនេះ បានខកខានការប្រកួតចំនួន 8 លើកចុងក្រោយរបស់ Man United រួមទាំងការខកខានការប្រកួតចុងក្រោយ កាលពីថ្ងៃសៅរ៍ដែលចាញ់ 3-0 ជាមួយ Bournemouth ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ Casemiro ហាក់បានជាសះស្បើយពីរបួសហើយ ដោយក្លឹបបិសាចក្រហមបានបញ្ជាក់ថា Casemiro បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ។ ទន្ទឹមនឹងនេះដែរ ការវិលត្រឡប់របស់ Casemiro ប្រហែលជាទំនងគាត់អាចជាទាន់ពេលសម្រាប់ការប្រកួត UEFA Champions League ដ៏សំខាន់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភព: Sportsmole