Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែការពារ​មួយ​រូប​របស់​តោខៀវ Chelsea បង្ហាញ​អារម្មណ៍​ស្ដាយ​ក្រោយ និង​សុំ​ទោស​ជា​សាធារណៈ​ទៅ​កាន់ Di Maria

Published

on

អតីត​ខ្សែ​ការពារ​មួយ​រូប​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Filipe Luis បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន Angel Di Maria ជុំវិញ​រឿងរ៉ាវ​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​​ប៉ុន្មាន​ឆ្នាំ​មុន។ យ៉ាង​ណា​មិញ Filipe Luis បាន​បង្ហាញ​​ពី​​ល្បិច​កល​ដ៏​​កខ្វក់​​ដែល​គាត់​ធ្លាប់​បាន​ប្រើ ដើម្បី​យក​ឈ្នះ Di Maria ក្នុង​ជំនួប​ដំបូង​ដែល​​ពួកគេ​​ប៉ះ​គ្នា​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល Filipe Luis បាន​ផ្ទេរ​ទៅ​លេង​នៅ​ប្រទេស​អេស្ប៉ាញ​មុន​រដូវកាល 2010-2011 ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់ Atletico Madrid ក្នុង​រយៈពេល​ដ៏​ខ្លី។ ខ្សែ​ការពារ​ឆ្វេង​រូប​នេះ​ត្រូវ​ជួប​ជា​លើក​ដំបូង និង​មាន​ភារកិច្ច​​ត្រូវ​តាម​បិទ Di Maria ក្នុង​ជំនួប​រវាង Real Madrid ប៉ះ​ជាមួយ Atletico Madrid។

មុនពេល​នៃ​ការ​ប្រកួត​មក​ដល់ Filipe Luis បាន​ជួប​និយាយ​ជា​មួយ Sergio Aguero និង​បាន​សួរ​ពី​វិធី​ដើម្បី​កម្ចាត់ Di Maria។ ពេល​នោះ Aguero បាន​ប្រាប់​ថា មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​បំផ្លាញ​ទម្រង់​លេង​ដ៏​ល្អ​របស់ Di Maria បាន គឺ​ត្រូវ​និយាយ​ឈ្មោះ​ប្រពន្ធ​របស់​គាត់។ ជា​លទ្ធផល Filipe Luis ក៏​បាន​ធ្វើ​តាម​នោះ​បាន​ជោគជ័យ។

ផ្ទុយមក​វិញ ពេល​នេះ Filipe Luis ពិត​ជា​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​បែប​នោះ​ទៅ​កាន់ Di Maria។ ថ្លែង​នៅ​ក្នុង​នាទី​ចុង​ក្រោយ​នៃ​កម្មវិធី​ផតខេះ​របស់ Charla អតីត​ខ្សែការពារ​ស្លាប​រូប​នេះ​បាន​និយាយ​ថា៖ “ការ​សោកស្ដាយ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ គឺ​ជា​មួយ Di Maria។ ពេល​នោះ Aguero បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​យើង​និយាយ​អំពី​ប្រពន្ធ​របស់​គាត់ នោះ​គាត់​នឹង​បាត់បង់​ស្មារតី​នៅ​ក្នុង​ការ​ប្រកួត។ ខ្ញុំ​បាន​និយាយ​អំពី​ប្រពន្ធ​របស់​គាត់ ហើយ​គាត់​ពិត​ជា​បែប​នោះ​មែន។ ខ្ញុំ​វាយ​ប្រហារ​ទៅ​លើ​គាត់​​ពេញ​​មួយ​ប្រកួត។ ពេល​មក​ដល់​ផ្ទះ​វិញ ខ្ញុំ​ពិត​ជា​​សោកស្ដាយ​ជា​ខ្លាំង។ Di Maria ខ្ញុំ​សុំទោស”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២