បាល់ទាត់អន្តរជាតិ
វាសនារបស់ PSG នៅ UEFA Champions League កំពុងស្ថិតក្នុងដៃ Dortmund
ក្លឹបយក្សបារាំង Paris Saint-Germain (PSG) នឹងត្រូវជួបប្រកួតជាមួយ Borussia Dortmund ក្នុងប្រទេសអាឡឺម៉ង់នៅថ្ងៃពុធរំលងអាធ្រាតនេះ (ម៉ោង 3:00) ដែលជាការប្រកួតចុងក្រោយក្នុងវគ្គចែកពូលនៅ UEFA Champions League។ យ៉ាងណាមិញ PSG មិនសូវមានសម្ពាធខ្លាំងណាស់ណាទេ ប៉ុន្តែដើម្បីមានសុវត្ថិភាព 100% ក្នុងការឡើងទៅវគ្គបន្ទាប់គឺពួកគេត្រូវតែឈ្នះ Borussia Dortmund។
នៅក្នុងពូល F ដែលត្រូវបានមជ្ឃដ្ឋានបាល់ទាត់ចាត់ទុកជាពូលមរណៈនោះ ពេលនេះបានស្ថិតដល់តំណាក់កាលចុងក្រោយហើយ ខណៈដែល PSG, Newcastle និង AC Milan កំពុងប្រជែងគ្នាដើម្បីឡើងទៅវគ្គបន្ទាប់ ហើយសម្រាប់ Dortmund ពួកគេមានពិន្ទុគ្រប់គ្រាន់ហើយ បើទោះបីជាចាញ់ រឺឈ្នះនៅរំលងអាធ្រាតនេះក៏ដោយ។
ក្លឹបយក្សរបស់អាឡឺម៉ង់ Borussia Dortmund បានឈ្នះការប្រកួត 3 ដង ក្នុងចំណោមការប្រកួតទាំង 5 កន្លងមកនៅក្នុងវគ្គចែកពូល ដោយចាញ់តែម្ដងប៉ុណ្ណោះ ហើយការចាញ់នោះគឺការប្រកួតបើកឆាកទល់នឹង PSG នៅ Parc des Princes។ ប្រសិនបើយប់នេះ ពួកគេបង្កើនទម្រង់លេងឲ្យខ្លាំងជាងមុន និងព្យាយាមយកឈ្នះ PSG វិញនោះ ក្លឹបយក្សបារាំងនឹងមានឱកាសឡើងទៅវគ្គបន្ទាប់បានលុះត្រាណាតែ Newcastle ស្មើគ្នាជាមួយ AC Milan។
ប្រភព: Sapeople