បាល់ទាត់អន្តរជាតិ
ខ្លាចាស់ Leonardo Bonucci ត្រូវបានក្លឹបយក្សនៅតួរគីចាប់អារម្មណ៍ចង់បាន និងកំពុងចរចាផ្ទេរ
ខ្សែការពារចាស់វស្សា និងជាកីឡាករឆ្នើមមួយរូបក្នុងពិភពបាល់ទាត់ Leonardo Bonucci កំពុងត្រូវបានក្លឹបយក្ស Fenerbahce ត្រៀមចុះហត្ថលេខាផ្ទេរគាត់ពី Union Berlin (នេះបើយោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano)។
យោងតាមសេចក្ដីរាយការណ៍ដដែលនេះដែរបានបញ្ជាក់ថែមទៀតថា ការពិភាក្សានៃការផ្ទេររបស់ខ្សែការពារកណ្ដាល Leonardo Bonucci ទើបនឹងបញ្ចប់ទៅកាលពីប៉ុន្មានម៉ោងមុននេះបន្តិច ហើយដើមសប្តាហ៍ក្រោយ គឺជាពេលវេលាសម្រាប់ការសម្រេចចិត្តចុងក្រោយ ដោយបញ្ជាក់ថា Bonucci នឹងចាកចេញទៅប្រទេសតួរគី រឺអត់។
គួររំលឹកផងដែរថា Leonardo Bonucci គឺជាខ្សែការពារសញ្ជាតិអ៊ីតាលី ដែលលេងឲ្យអតីតក្លឹបចាស់ Juventus អស់រយៈពេល 12 ឆ្នាំ និងត្រូវបានគេចាត់ទុកជាវីរបុរសបាល់ទាត់របស់ក្លឹបផងដែរ។ កីឡាករវ័យ 36 ឆ្នាំរូបនេះ បង្ហាញខ្លួនឲ្យក្លឹប Juventus សរុបបាន 451 ប្រកួត និងលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួនបាន 121 ប្រកួត។
ប្រភព: Fabrizio Romano