បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona ខឹងខ្លាំង ក្រោយក្រុមរបស់ខ្លួនចាញ់ Girona 4-2
យោងតាមប្រភពពី Barca Universal បានឲ្យដឹងថា ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់គាត់ បានចាញ់ Girona ក្នុងការប្រកួតជុំទី 34 នៃក្របខណ្ឌកំពូលរបស់អេស្ប៉ាញ (La Liga) កាលពីប៉ុន្មានថ្ងៃមុន។
យោងតាមប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រោយចប់ការប្រកួត ប្រធានក្លឹបរូបនេះ បានស្រែកនៅក្បែរកីឡដ្ឋានប្រកួតថា៖ “រឿងនេះមិនអាចកើតឡើងបានទេ”។ សូមរំលឹកថា បន្ទាប់ពី Barcelona ចាញ់ Girona ក្នុងលទ្ធផល 2-4 ធ្វើឲ្យ Real Madrid មានពិន្ទុគ្រប់គ្រាន់ ក្នុងការក្លាយជាម្ចាស់ពានលីគអេស្ប៉ាញ មុនបិទរដូវកាល។
ខណៈដែលការប្រកួតនៅសល់ ត្រឹមតែ 4 ប្រកួតទៀត ក្លឹបកាតាឡាន់ Barcelona កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងតារាងលីគដោយមាន 73 ពិន្ទុ ស្របពេលដែល Girona ឡើងមកឈរនៅលេខរៀងទី 2 កាលពីពេលថ្មីៗនេះ ដោយមាន 74 ពិន្ទុ។ យ៉ាងណាថ្វីត្បិតតែមិនអាចឈ្នះពានលីគបាន តែពួកគេដណ្ដើមបានកៅអី UEFA Champions League សម្រាប់រដូវកាលក្រោយ។
ប្រភព: Telecomasia