បាល់ទាត់អន្តរជាតិ
ខ្សែការពារវ័យ 21 ឆ្នាំមួយរូប បដិសេធមិនចូលរួមជាមួយ Man City និងជ្រើសយក Borussia Dortmund ជំនួសវិញ
កីឡាកររបស់ក្លឹបតោខៀវ Chelsea គឺខ្សែការពារ Ian Maatsen បានសម្រេចចិត្តមិនចាប់អារម្មណ៍ក្នុងការចូលរួមជាមួយ Manchester City ដោយសុខចិត្តផ្ទេរទៅទឹកដីអាឡឺម៉ង់ដោយចូលរួមជាមួយ Borussia Dortmund ជំនួសវិញ ខណៈដែលកុងត្រារបស់គាត់នៅ Stamford Bridge នឹងផុតកំណត់នៅរដូវកាលបន្ទាប់ (ឆ្នាំ 2025)។
ខ្សែការពារដែលជាម្ចាស់អាវលេខ 29 រូបនេះ ទើបនឹងត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំនៅរដូវកាលនេះប៉ុណ្ណោះ និងបានបង្ហាញខ្លួន 15 ប្រកួតមកហើយ។ ក្នុងខែវិច្ឆិកា កាលពីឆ្នាំមុនរបាយការណ៍របស់ Teamtalk បានលើកឡើងថា Manchester City នឹងទទួលបានជោគជ័យក្នុងការចុះហត្ថលេខាលើ Maatsen ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលវិញ។
ខ្សែការពារសញ្ជាតិហូឡង់ Ian Maatsen ប្រហែលជាគិតថា ខ្លួននឹងពិបាកប្រជែងតំណែងលេង ជាមួយខ្សែការពារឆ្នើមៗជាច្រើនរបស់ Man City បច្ចុប្បន្ន ហើយការពង្រឹងសមត្ថភាពដោយចូលរួមជាមួយ Borussia Dortmund គឺជាជម្រើសដ៏ល្អបំផុត។ របាយការណ៍នៅក្នុងប្រទេសអាឡឺម៉ង់បានអះអាងថា ការពិភាក្សារវាង Chelsea និង Dortmund កំពុងដំណើរការទៅមុខដោយរលូន ហើយកិច្ចព្រមព្រៀងផ្ទេរខ្សែការពាររូបនេះនឹងបញ្ចប់ទៅឆាប់ៗនេះ ដោយមានតម្លៃ 17 លានផោន។
ប្រភព: Manchestercity News