បាល់ទាត់អន្តរជាតិ
Blackburn ឲ្យកីឡាករវ័យក្មេងបំផុតរបស់ខ្លួន ពាក់អាវដោយគ្មាន Sponsor
ខ្សែបម្រើ Rory Finneran បានក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Blackburn បន្ទាប់ពីការប្រកួត FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅ ប៉ុន្តែក្មេងប្រុសអាយុ 15 ឆ្នាំរូបនេះ ត្រូវបានក្លឹបឲ្យពាក់អាវដែលគ្មានម្ចាស់ឧបត្ថម្ភ (Sponsor) ដោយសារតែគាត់នៅក្មេងពេក។
យ៉ាងណាមិញ Rory Finneran គឺជាកីឡាករដែលកើតក្នុងខែកុម្ភៈ ឆ្នាំ 2008 ដោយបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Blackburn ក្រោមការដឹកនាំរបស់លោក Jon Dahl Tomasson។ ការប្រកួតដំបូងរបស់គាត់នេះដែរ Blackburn បានយកឈ្នះក្លឹប Cambridge ក្នុងលទ្ធផល 5 ទល់នឹង 2។
ទោះជាយ៉ាងណាក៏ដោយ Finneran ត្រូវពាក់អាវផ្សេងពីមិត្តរួមក្រុម Blackburn របស់គាត់។ នៅលើអាវរបស់ Blackburn ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនបារីអេឡិចត្រូនិច (Vape) Totally Wicked ដែលជាដៃគូផ្លូវការរបស់ក្លឹបតាំងពីពាក់កណ្តាលរដូវកាល 2021/2022 មកម្ល៉េះ។ ដោយសារ Finneran មានអាយុក្រោមច្បាប់ ដែលកំណត់អាយុ 18 ឆ្នាំឡើងទៅ គាត់មិនអាចពាក់អាវដែលឧបត្ថម្ភដោយក្រុមហ៊ុនបារីអេឡិចត្រូនិចបានឡើយ។
ប្រភព: Mirror