បាល់ទាត់អន្តរជាតិ
អតីតកីឡាករ Obi Mikel អះអាងថា Messi បានធ្វើរឿងច្រើនជាង Haaland ហើយគាត់សមនឹងឈ្នះពានរបស់ FIFA 2023
អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Chelsea លោក John Obi Mikel បាននិយាយថា កំពូលតារាឆ្នើមរបស់ក្លឹប Inter Miami គឺកីឡាករ Lionel Messi បានធ្វើរឿងច្រើនជាងអ្វីដែល Erling Haaland របស់ Manchester City បានធ្វើ ទើបគាត់បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ 2023 របស់ FIFA។
សូមរំលឹកផងដែរថា Lionel Messi បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ផ្នែកបុរសដ៏ល្អបំផុតប្រចាំឆ្នាំ 2023 របស់ FIFA ដែលពិធីប្រកាសនោះបានធ្វើឡើងក្នុងទីក្រុងឡុងដ៍ កាលពីម្សិលមិញនេះ។ យ៉ាងណាមិញ កាពីតែនក្រុមរបស់អាហ្សង់ទីន Lionel Messi បានស្ថិតក្នុងបញ្ជីកីឡាករដែលមានសម្លេងឆ្នោតច្រើនជាងគេចុងក្រោយជាមួយ Haaland និង Kylian Mbappe។
ទោះជាយ៉ាងណាក៏ដោយ Messi បានវ៉ាដាច់សម្លេងឆ្នោតរបស់កីឡាករឆ្នើម 2 រូបផ្សេងទៀត ហើយក្លាយជាម្ចាស់ពាននៅឆ្នាំនេះតែម្ដង។ ពាក់ព័ន្ធនឹងរឿងនេះដែរ អតីតកីឡាករឆ្នើម Obi-Mikel បាននិយាយថា៖ “ខ្ញុំគិតថា Messi បានធ្វើរឿងច្រើនជាង Haaland ដើម្បីឈ្នះពាននេះ”។
Obi-Mikel បានបន្ថែមទៀតថា៖ “ខ្ញុំយល់ពីរឿងនោះ។ គាត់ (Haaland) លេងឲ្យ Manchester City។ Man City គឺជាក្រុមដែលបង្កើតឱកាស។ ពួកគេឈ្នះការប្រកួត។ នៅពេលដែល Haaland មិនបានលេង 9 ប្រកួត រឺ 10 ប្រកួត ប៉ុន្តែតើពួកគេកំពុងធ្វើអ្វី? ពួកគេបានចាញ់ 1 ក្នុងការប្រកួត 9 រឺ 10 ប្រកួតនោះ។ Man City បង្កើតឱកាស ស៊ុតបញ្ចូលទី និងដឹងពីរបៀបឈ្នះការប្រកួតដោយគ្មាន Haaland”។
ប្រភព: Dailypost NG