បាល់ទាត់អន្តរជាតិ
Ange Postecoglou បដិសេធមិនចាប់អារម្មណ៍នឹងតំណែងជាគ្រូបង្វឹកថ្មីរបស់ Liverpool
គ្រូបង្វឹករបស់មាន់ខ្នាយមាស Tottenham Hotspur លោក Ange Postecoglou បានលើកឡើងថា ខ្លួនមិនបានចាប់អារម្មណ៍ជាមួយនឹងការងារជាគ្រូបង្វឹកថ្មីរបស់ Liverpool ឡើយ។ បុរសវ័យ 58 បានបន្ថែមទៀតថា គាត់ចង់កាន់ការងារដ៏យូរអង្វែងបន្ថែមទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
យ៉ាងណាមិញបច្ចុប្បន្ន Ange Postecoglou ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកឆ្នើមមួយរូបក្នុងពិភពបាល់ទាត់។ គ្រូបង្វឹករូបនេះបានបង្កើនគុណភាពនៃទម្រង់លេងរបស់ Tottenham Hotspur ឲ្យកាន់តែប្រសើរឡើង បន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួនបន្តពីលោក Antonio Conte ដែលត្រូវបានក្លឹបបណ្ដេញចេញកាលពីខែមីនា ឆ្នាំ 2023។
ស្របពេលដែល Jurgen Klopp បានប្រកាសចាកចេញពី Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ មានគ្រូបង្វឹកជាច្រើនត្រូវបានគេផ្សារភ្ជាប់ទៅនឹងការដឹកនាំនៅហង្សក្រហម Liverpool។ លោក Ange Postecoglou ក៏ជាបេក្ខភាពម្នាក់ ក្នុងចំណោមគ្រូបង្វឹកដែលត្រូវបានការចាប់អារម្មណ៍ពីក្លឹបហង្សក្រហមដែរ។
ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមនេះ ត្រូវបានលោក Ange Postecoglou លាតត្រដាង ដោយបាននិយាយនៅក្នុងសន្និសីទសារព័ត៌កាលពីម្សិលមិញនេះថា គាត់មិនចាប់អារម្មណ៍នឹងតំណែងជាគ្រូបង្វឹកថ្មីនៅ Anfield ឡើយ និងកំពុងផ្ដោតលើការដឹកនាំដ៏វែងឆ្ងាយជាមួយ Tottenham Hotspur។
ប្រភព: Sportsmole