Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich កំពុង​សម្លឹង​មើល​ចង់​នាំ​យក Zidane មក​ជំនួស​តំណែង​របស់ Thomas Tuchel

Published

on

ក្លឹប​យក្ស​របស់​អាឡឺម៉ង់ Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​យក​អតីត​គ្រូបង្វឹក​របស់​ក្លឹប Real Madrid លោក Zinedine Zidane ថា​ជា​បេក្ខភាព​សំខាន់​មួយ​របស់​ពួក​គេ ក្នុង​ការ​ចូល​មក​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​ជំនួស​លោក Thomas Tuchel។

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប Bayern Munich បាន​ជ្រើសរើស​ដោយ​បណ្តេញ​លោក Julian Nagelsmann ចេញ​ពី​តំណែង និង​ជំនួស​មក​វិញ​ដោយ​លោក Thomas Tuchel។ គ្រូ​បង្វឹក​ថ្មី​រូប​នេះ បាន​បញ្ចប់​យុទ្ធនាការ​ឈ្នះពាន Bundesliga កាល​ពី​ឆ្នាំ​មុន (2022-2023) ជាមួយ Bayern Munich ប៉ុន្តែ​នៅ​ក្នុង​រដូវ​កាល​នេះ ពួក​គេ​ហាក់​កំពុង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​របូត​ពាន​លីគ ហើយ​ពាន UCL កំពុង​ស្ថិត​ក្នុង​សម្ពាធ បន្ទាប់​ពី​ចាញ់ Lazio 1-0 កាល​ពី​ប្រកួត​ជើង​ទី 1។

ថ្វី​ត្បិតតែ​ថ្មីៗ​នាយក​ប្រតិបត្តិ​របស់​ក្លឹប Bayern Munich លោក Jan-Christian Dreesen បាន​អះអាង​ថា តំណែង​របស់ Thomas Tuchel មិន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ឡើយ ប៉ុន្តែ​គេ​បាន​មើល​ឃើញ​ថា ប្រសិន​បើ​ក្លឹប​យក្ស​អាឡឺម៉ង់​នេះ មិន​អាច​ឈ្នះពាន​ណា​មួយ​បាន​ទេ Tuchel អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង។

ទន្ទឹម​នឹង​នេះ​ដែរ យោងតាម​សារព័ត៌មាន​អ៊ីតាលី Corriere dello Sport បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន Zinedine Zidane គឺ​ជា​គោលដៅ​អាទិភាព​ដែល​អាច​នឹង​មក​ដឹកនាំ Bayern Munich នៅ​រដូវកាល​ក្រោយ។ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ថ្វីត្បិតតែ​ធ្លាប់​បាន​បដិសេធ​ឱកាស​ទៅ​ដឹកនាំ​ក្លឹប​ផ្សេងៗ​កន្លង​មក​ក៏​ដោយ តែ​គាត់​នឹង​មាន​ការ​ចាប់​អារម្មណ៍​លើ​ក្លឹប​យក្ស​របស់​អាឡឺម៉ង់​មួយ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២