បាល់ទាត់អន្តរជាតិ
Man City នឹងឲ្យប្រាក់ខែ Mbappe ខ្ពស់ជាងគេបំផុតនៅក្លឹបរបស់ខ្លួន ប្រសិនបើខ្សែប្រយុទ្ធរូបនេះ ព្រមចូលរួមជាមួយពួកគេ

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City នឹងព្យាយាមប្រជែងជាមួយ Real Madrid ក្នុងការចុះហត្ថលេខាលើ Kylian Mbappe ខណៈដែលខ្សែប្រយុទ្ធឆ្នើមរូបនេះ នៅមិនទាន់ប្រកាសជាផ្លូវការណ៍ថា គាត់នឹងចូលរួមជាមួយក្លឹបណានៅរដូវកាលក្រោយ។
យ៉ាងណាមិញ កីឡាករវ័យ 25 ឆ្នាំរូបនេះបានប្រាប់ដល់ក្លឹបបច្ចុប្បន្នរបស់ខ្លួន Paris Saint-Germain រួចហើយថា គាត់នឹងចាកចេញពីទឹកដីបារាំង នៅពេលដែលកុងត្រាផុតកំណត់ នាចុងបញ្ចប់នៃរដូវកាលនេះ។ ដោយឡែក Kylian Mbappe បានប្រកបអាជីពរបស់ខ្លួនជាមួយ PSG រយៈពេល 7 ឆ្នាំមកហើយ គិតចាប់តាំងពីពេលដែលគាត់បានផ្ទេរពី Monaco កាលពីឆ្នាំ 2018។
Kylian Mbappe ត្រូវបានគេនិយាយថា បានព្រមព្រៀងចុះកុងត្រារយៈពេល 5 ឆ្នាំរួចហើយជាមួយក្លឹប Real Madrid ខណៈដែលប្រធានក្លឹបលោក Florentino Perez ក៏បានជូនដំណឹងអំពីរឿងនេះទៅដល់កីឡាករមួយចំនួនរបស់ខ្លួនរួចហើយផងដែរ។
ទោះបីជាបែបនេះក៏ដោយ Real Madrid នៅតែជួបហានិភ័យពីទឹកប្រាក់ដ៏ធំរបស់ Man City ដែលយោងតាមរបាយការណ៍ពី Fichajes បានរាយការណ៍ថា ក្លឹបយក្សរបស់អង់គ្លេសមួយនេះ នឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ក្នុងការផ្លាស់ប្ដូរចិត្ត Mbappe ឲ្យមកចូលរួមជាមួយពួកគេ។
តាមរបាយការណ៍ដដែលនេះដែរបានបន្ថែមឲ្យដឹងថា ក្រុមរបស់លោក Pep Guardiola នឹងផ្ដល់ប្រាក់ពលកម្មដល់ Mbappe ឲ្យក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ក្លឹប លើសពីខ្សែប្រយុទ្ធ Erling Haaland ទៅទៀត ខណៈដែលគេបានដឹងថា Haaland មានប្រាក់ខែរហូតដល់ 400,000 ផោនក្នុងមួយសប្តាហ៍។
ប្រភព: Sportsmole