បាល់ទាត់អន្តរជាតិ
Man United ត្រៀមចុះហត្ថលេខាលើ Gutierrez ដើម្បីដោះស្រាយបញ្ហារបួសរបស់ Luke Shaw
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Girona គឺកីឡាករ Miguel Gutierrez។ យ៉ាងណាមិញក្រុមរបស់លោក Erik ten Hag នឹងស្វែងរកខ្សែការពារស្លាបឆ្វេងម្នាក់នៅរដូវក្តៅនេះ ដោយសារតែបញ្ហារបួសញឹកញាប់របស់ Luke Shaw។
ខ្សែការពារសញ្ជាតិអង់គ្លេស Luke Shaw ដែលបច្ចុប្បន្នមានវ័យ 28 ឆ្នាំ បានចូលលេងត្រឹមតែ 15 ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់របស់បិសាចក្រហមនារដូវកាលនេះ ដោយសារតែបញ្ហាសាច់ដុំ និងរបួសផ្សេងៗទៀតតាមរំខាន។ Man United នៅមានបេក្ខភាពខ្សែការពារឆ្វេងម្នាក់ទៀតគឺ Tyrell Malacia តែក៏របួសដូចគ្នា ស្របពេលដែលរដូវកាលនេះ គេមិនទាន់បានលេងប្រកួតសាច់ការណាមួយនៅឡើយទេ ហើយកីឡាករសញ្ជាតិហូឡង់រូបនេះ ទើបនឹងបានជាសះស្បើយពីការវះកាត់ជង្គង់កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
ជាមួយនឹងកង្វះខាតខ្សែការពារឆ្វេង គ្រូបង្វឹករបស់បិសាចក្រហមបានប្រើប្រាស់ Victor Lindelof និង Sofyan Amrabat ជាអ្នករ៉ាប់រងតំណែងនោះ ហើយបើយោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ក្លឹបគ្រោងនឹងនាំយកខ្សែការពារស្លាបឆ្វេងថ្មីម្នាក់ទៀត នៅចុងបញ្ចប់នៃរដូវកាលនេះ។
គេបានដឹងថា បិសាចក្រហម ចាប់អារម្មណ៍ខ្លាំងលើអតីតខ្សែការពាររបស់ក្លឹប Real Madrid គឺកីឡាករ Miguel Gutierrez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Girona។ កីឡាករវ័យ 22 ឆ្នាំរូបនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពសម្រាប់ Girona ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានម្ដង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង ក្នុងការបង្ហាញខ្លួន 30 ប្រកួត។
ប្រភព: Sportsmole