បាល់ទាត់អន្តរជាតិ
Di Maria ចង់ឲ្យ Messi ពាក់អាវលេខ 10 ហើយ Neymar ពាក់លេខ 11 របស់ខ្លួនវិញ
តារាឆ្នើមរបស់ PSG គឺកីឡាករ Angel Di Maria បានធ្វើសំណើរពិសេសមួយទៅកាន់ Neymar បន្ទាប់ពីការបង្ហាញខ្លួនចុងក្រោយរបស់គាត់កាលពីម្សិលមិញ។ គាត់ចង់ឲ្យមិត្តរួមជាតិរបស់គាត់ Lionel Messi ប្ដូរលេខអាវ នៅរដូវកាលក្រោយ។

កាលពីម្សិលមិញនេះ ក្លឹប PSG បានបិទយុទ្ធនាការប្រកួតលីគឆ្នាំ 2021-22 របស់ពួកគេជាមួយនឹងការបំបាក់ក្រុម Metz 5 ទល់នឹង 0។ នៅមុនការប្រកួតនោះដែរ ពួកគេក៏បានប្រកាសពីការបន្តកុងត្រារបស់ Kylian Mbappe ហើយឲ្យ Di Maria បង្ហាញពីការលាមិត្តរួមក្រុមនៅ Parc des Princes ដោយគាត់នឹងចាកចេញពីក្លឹបនៅពេលចប់កុងត្រា។

ក្រោយចប់ការប្រកួតកីឡាករវ័យ 34 ឆ្នាំបានស្នើ Neymar ឲ្យពាក់អាវលេខ 11 របស់ខ្លួន ហើយឲ្យ Messi ពាក់អាវលេខ 10 វិញ។ ថ្លែងទៅកាន់សារព័ត៌មានបារាំង (តាមរយៈ TyC Sports) Angel Di Maria បាននិយាយថា៖
“ចាប់ពីឆ្នាំក្រោយទៅ Lionel Messi ត្រូវតែសុំលេខ 10 ហើយ Neymar យកលេខ 11 វិញ។ គាត់ គឺជាកីឡាករលេខ 10 និងជាកីឡាករដែលល្អបំផុតនៅក្នុងពិភពលោក ហើយអាវលេខនោះ គឺសម្រាប់គាត់”។

ប្រភព: Sportskeeda
