បាល់ទាត់អន្តរជាតិ
West Ham ឈានដល់កិច្ចព្រមព្រៀងខ្ចីជើង Kalvin Phillips
ខ្សែបម្រើ Kalvin Phillips កំពុងត្រៀមនឹងក្លាយជាកីឡាករចំណូលថ្មីរបស់ក្លឹបញញួរធំ West Ham ហើយ នៅក្នុងខែនេះ។ យោងតាមសេចក្ដីរាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា កិច្ចព្រមព្រៀងខ្ចីជើង ត្រូវបានបញ្ចប់ដោយជោគជ័យរវាង West Ham ជាមួយកីឡាករ និងក្លឹប Manchester City។
យោងតាមប្រភពពីលោក Fabrizio Romano ដដែលនេះដែរ បានឲ្យដឹងថា លក្ខខណ្ឌនៃការខ្ចីជើងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក៏រួមបញ្ចូលទាំងជម្រើសក្នុងការទិញផ្ដាច់កុងត្រា នៅចុងបញ្ចប់នៃរដូវកាលផងដែរ។ ដោយឡែកគេបានដឹងថា នៅថ្ងៃនេះ Kalvin Phillips នឹងទទួលការពិនិត្យសុខភាពរបស់គាត់នៅ West Ham មុននឹងការសម្រេចប្រកាសជាផ្លូវការណ៍របស់ក្លឹប។
សម្រាប់ក្លឹប West Ham ពួកគេបានឈ្នះការប្រជែងដណ្តើមយកខ្សែបម្រើវ័យ 28 ឆ្នាំរូបនេះជាមួយក្លឹបធំៗជាច្រើននៅ Premier League រួមទាំងក្លឹបយក្សរបស់អ៊ីតាលី Juventus និងក្លឹប Barcelona របស់អេស្ប៉ាញផងដែរ។ តាំងពីរដូវកាលមុនមកម្ល៉េះ Kalvin Phillips មិនមែនជាកីឡាករសំខាន់របស់ Manchester City ឡើយ ហើយរដូវកាលនេះ គាត់ចូលលេងសរុបបានតែ 10 ប្រកួតប៉ុណ្ណោះ ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់។
ប្រភព: Dailysports