Connect with us

បាល់ទាត់អន្តរជាតិ

David Moyes លើក​ឡើងថា ពេល​នេះ Newcastle United គឺ​ជា​ក្រុម​ដ៏​ល្អ​បំផុត​មួយ​នៅ​តំបន់​អឺរ៉ុប

Published

on

លោក David Moyes ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ញញួរ​ធំ West Ham United បាន​ចាត់​ទុក​ក្លឹប​ជា​គូ​ប្រជែង​នៅ​ក្នុង​លីគ​ជាមួយ​គ្នា Newcastle United ថា​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ល្អ​បំផុត​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប។ យ៉ាង​ណា​មិញ David Moyes បាន​និយាយ​បែប​នេះ នៅ​មុន​ពេល​នៃ​ការ​ប្រកួត Premier League ដែល​ក្រុម​របស់​ខ្លួន​​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Newcastle United នៅ​ថ្ងៃ​ស្អែក។

ជា​ការពិត​ណាស់ Newcastle United ដែល​កាល​ពី​មុន​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ក្នុង​កែវភ្នែក​នោះ កំពុង​រីករាយ​ជា​មួយ​នឹង​ភាព​ជោគជ័យ​របស់​ខ្លួន និង​ការ​អភិវឌ្ឍន៍​ក្លឹប​កាន់​តែ​អស្ចារ្យ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ពួក​គេ​បាន​ដណ្ដើម​កៅអី UEFA Champions League ដោយ​ជោគជ័យ​កាល​ពី​រដូវកាល​មុន ដោយ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 4 ក្នុង​ក្របខ័ណ្ឌ Premier League។

ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Eddie Howe ទទួល​បាន 4 ពិន្ទុ​ពី​ការ​ប្រកួត​បើក​ឆាក 2 ប្រកួត​នៅ UCL និង​កំពុង​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល F។ ប្រកួត​បើក​ឆាក Newcastle United បាន​ត្រឹម 0 ស្មើជាមួយ AC Milan ប៉ុន្តែ​នៅ​ប្រកួត​បន្ទាប់​ពួក​គេ​បាន​យក​ឈ្នះ 4-1 ក្នុង​ដី​របស់​ខ្លួន​ទៅ​លើ​ក្រុម​ខ្លាំង​មក​ពី​បារាំង Paris Saint-Germain។

ដោយ​ឡែក West Ham United បច្ចុប្បន្ន​ជា​ក្លឹប​ដែល​ស្ថិត​ក្នុង​កម្រិត​ល្អ​បង្គួរ​មួយ ប៉ុន្តែ​ពួក​គេ​បាន​បរាជ័យ​បី​លើក​ចុងក្រោយ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ទល់​នឹង Newcastle United ដែល​ក្នុង​នោះ​ក៏​មាន​ការ​បរាជ័យ​ដ៏​ធ្ងន់​ក​មួយ​នៅ​ក្នុង​ដី​របស់​ខ្លួន​ជាមួយ​នឹង​លទ្ធផល 5-1 ផងដែរ។

មុន​ក្រុម​របស់​ខ្លួន​ប៉ះ​គ្នា​ជាមួយ Newcastle លោក David Moyes បាន​និយាយ​ថា៖ “Newcastle នឹង​ចងចាំ​ជានិច្ច​នូវ​ពេលវេលា​មួយ ដែល​ពួកគេ​ជួប​ជាមួយ PSG។ ខ្ញុំ​​គិត​​ថា ពួក​គេ​គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន។ ពួកគេ​មាន​កីឡាករ​គុណ​ភាព​ច្រើន ហើយ​គ្រូ​បង្វឹក​របស់​ពួកគេ​បាន​បំពេញ​ការងារ​យ៉ាង​ល្អ​ជាមួយ​ក្លឹប…”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២