បាល់ទាត់អន្តរជាតិ
Daichi Kamada ត្រៀមចាកចេញទៅចូលរួមជាមួយក្លឹបនៅ Premier League
កីឡាករឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិជប៉ុនគឺ Daichi Kamada កំពុងត្រៀមចាកចេញពី Lazio ហើយ នាពេលឆាប់ៗខាងមុខ បើទោះបីជាក្លឹបអ៊ីតាលីមួយនេះចង់រក្សាទុកគាត់ក៏ដោយ។ យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយលោក Fabrizio Romano បានឲ្យដឹងថា Kamada នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅខែក្រោយ ហើយគាត់នឹងចាកចេញទៅចូលរួមជាមួយ Crystal Palace។
ទន្ទឹមនឹងនេះដែរ ការចាកចេញទៅទឹកដី Premier League ដែលជាលីគមានការប្រកួតប្រជែងកម្រិតខ្ពស់បំផុតនោះ នឹងធ្វើឲ្យគាត់អាចជួបជុំជាមួយអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Oliver Glasner។ ក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះ Daichi Kamada ធ្លាប់ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងអាជីពបាល់ទាត់របស់ខ្លួន ពេលនៅជាកីឡាកររបស់ក្លឹប Eintracht Frankfurt។
ព័ត៌មានលម្អិតនៃការចុះកុងត្រារបស់ Daichi Kamada ជាមួយ Crystal Palace មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។ គួររំលឹកផងដែរថា Daichi Kamada បានចូលរួមជាមួយ Lazio កាលពីរដូវក្តៅឆ្នាំមុន ដោយផ្ទេរពី Eintracht Frankfurt។ ក្លឹប Lazio ចង់បន្តកុងត្រាថ្មីដល់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Daichi Kamada បានបដិសេធ។
ប្រភព: Dailysports