បាល់ទាត់អន្តរជាតិ
Juventus កំពុងត្រៀមចរចាផ្ទេរខ្សែការពារមួយរូបរបស់ក្លឹបកាំភ្លើងធំ Arsenal
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា បានកំណត់មុខសញ្ញារបស់ពួកគេទៅលើខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal ជាគោលដៅផ្ទេរដែលអាចកើតឡើងនាពេលឆាប់ៗខាងមុខ។ ក្លឹបយក្សរបស់អ៊ីតាលី Juventus ទើបតែបានបញ្ចប់យុទ្ធនាការរដូវកាលមុនក្រោមការដឹកនាំរបស់លោក Massimiliano Allegri ដោយទទួលបានចំណាត់ថ្នាក់លេខ 3 ក្នុងក្របខ័ណ្ឌ Serie A ដែលធ្វើឲ្យពួកគេទទួលបានកៅអីដើម្បីត្រឡប់ទៅមកកាន់ក្របខ័ណ្ឌ UEFA Champions League វិញ។
ទោះបីជាយ៉ាងណាក៏ដោយ Massimiliano Allegri ត្រូវបានបណ្តេញចេញពីតំណែង និងជំនួសមកវិញដោយ Thiago Motta ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Bologna។ ជាលទ្ធផលបន្ទាប់ពីការតែងតាំងគ្រូបង្វឹកថ្មី Juventus ឥឡូវនេះកំពុងព្យាយាមយ៉ាងសកម្ម ក្នុងការស្វែងរកកីឡាករដែលមានទេពកោសល្យ ដើម្បីត្រៀមប្រកួតប្រជែងនៅរដូវកាលក្រោយ។
គេបានដឹងថា Juventus កំពុងដំណើរការជិតឈានដល់ចំណុចសម្រេចបាន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Douglas Luiz របស់ក្លឹប Aston Villa។ ផ្សេងពីនេះទៀត យោងតាមរបាយការណ៍ពី Tuttojuve បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus ក៏ពេញចិត្តជាខ្លាំងលើខ្សែការពារកណ្ដាល Jakub Kiwior។ កន្លងមកខ្សែការពារសញ្ជាតិប៉ូឡូញរូបនេះ ក៏ធ្លាប់បានចំណាយពេល 18 ខែផងដែរ ក្នុងប្រទេសអ៊ីតាលី ចន្លោះខែកក្កដា ឆ្នាំ 2021 ដល់ខែមករា ឆ្នាំ 2023 ដោយលេងឲ្យក្លឹប Spezia Calcio។
ប្រភព: Sportsmole