បាល់ទាត់អន្តរជាតិ
បារាំងសម្រុកដាច់ជើងចោល តែចុងក្រោយចាញ់ដាណឺម៉ាក 2-1

កាលពីរំលងអាធ្រាតយប់មិញនេះ ក្រុមជម្រើសជាតិបារាំងបានធ្វើការប្រកួតបើកឆាកជម្រុះតាមពូលជាលើកដំបូងរបស់ខ្លួន ក្នុងក្របខណ្ឌ UEFA Nations League ដែលប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក។
ជាលទ្ធផល ក្រុមជម្រើសជាតិមាន់គកបារាំង បានចាញ់ក្រុមជម្រើសជាតិដាណឺម៉ាក 1 ទល់នឹង 2 នៅក្នុងទឹកដីរបស់ខ្លួន។ បារាំងដែលពោរពេញដោយធនធានកីឡាករល្បីៗនោះ មានស្ថិតិគ្រប់គ្រងបាល់រហូតដល់ 60% និងមានស្ថិតិស៊ុតរហូតដល់ 19 ដង។
យ៉ាងណាប្រព័ន្ធការពារដ៏ល្អរបស់ដាណឺម៉ាក ដែលមាន Victor Nelsson, Vestergaard និង Joachim Andersen បានធ្វើឲ្យក្រុមជម្រើសជាតិបារាំងរកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ ខណៈដែលដាណឺម៉ាក ព្យាយាមលេងទម្រង់ការពារវាយបក។
ខ្សែប្រយុទ្ធ Karim Benzema គឺជាអ្នកស៊ុតគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតឲ្យក្រុមជម្រើសជាតិបារាំង នៅនាទីទី 51។ តែភាពសប្បាយនេះ កើតឡើងមិនបានយូរប៉ុន្មានឡើយ ដោយកីឡាករដែលទើបនឹងប្ដូរចូលរបស់ក្រុមជម្រើសជាតិដាណឺម៉ាក Andreas Cornelius បានស៊ុតពីរគ្រាប់ម្នាក់ឯង នៅនាទីទី 68 និងនាទីទី 88។ ជាលទ្ធផលចុងក្រោយ ពួកគេក៏បានឈ្នះក្រុមជម្រើសជាតិបារាំង 2-1។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម។
ដោយ: X-Sport