បាល់ទាត់អន្តរជាតិ
Gary Neville លើកឡើងថា គ្មានកីឡាករណាចង់បានលុយ ហើយសុខចិត្តផ្ទេរមកលេងឲ្យបិសាចក្រហមឡើយ!!!

អតីតប្រធានក្រុម និងជាកីឡាកររបស់ក្លឹប Manchester United លោក Gary Neville បានអះអាងថា មិនមានកីឡាករណាមានបំណងចង់ចូលរួមជាមួយក្លឹបបិសាចក្រហមទៀតទេ ដែលលោកបាននិយាយបែបនេះ បន្ទាប់ពីក្លឹប Manchester United បានចាញ់ Brentford 4-0 កាលពីថ្ងៃសៅរ៍កន្លងទៅ។
ការចាញ់លើកទីពីរនៅប្រកួតដំបូងក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសនេះ បានធ្វើឲ្យក្រុមរបស់លោក Erik ten Hag ស្ថិតនៅបាតតារាង Premier League បណ្ដោះអាសន្ន ខណៈដែលប្រកួតបន្ទាប់នឹងត្រូវប៉ះហង្សក្រហម Liverpool។
Gary Neville បានប្រាប់ Sky Sports ថា “Manchester United មិនអាចដោះស្រាយបញ្ហារបស់ពួកគេដោយការចុះហត្ថលេខាលើកីឡាករចំណូលថ្មី ហើយប្រើប្រាស់លុយសម្រាប់ទាក់ទាញពួកគេបានទេ។ បញ្ហា គឺអត់មានអ្នកណាចង់យកលុយគេទេ។ នោះជាបញ្ហាធំ។ ពួកគេមិនអាចចំណាយប្រាក់បានឡើយ”។
លោកបានបន្តទៀតថា “ប្រសិនបើអ្នកជាកីឡាករដែលកំពុងមើលការប្រកួតនោះក្នុងតង់ទីមួយ តើអ្នកគិតយ៉ាងណាក្នុងការចង់ផ្ទេរមកក្លឹបនេះ?”។
ប្រភព: Dailypost NG