បាល់ទាត់អន្តរជាតិ
Bayern Munich ប្រាប់មូលហេតុដែលពួកគេមិនចុះហត្ថលេខាលើ Ronaldo និង Haaland

កាលពីពេលថ្មីៗនេះប្រធានក្លឹប Bayern Munich លោក Hasan Salihamidzic បានបើកចំហអំពីមូលហេតុដែលក្លឹបរបស់លោកមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland រឺ Cristiano Ronaldo នៅរដូវក្តៅនេះ។
យ៉ាងណាមិញ Haaland បានផ្ទេរទៅចូលរួមជាមួយក្លឹប Manchester City ក្នុងតម្លៃ 51 លានផោនពី Borussia Dortmund កាលពីខែកក្កដាកន្លងទៅ។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះត្រូវបានគេភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅ Bayern Munich មុនពេលទៅចូលរួមជាមួយ Manchester City។
ពាក់ព័ន្ធនឹងរឿងនេះលោក Salihamidzic បាននិយាយនៅលើ Podcast របស់ Bild ថា៖ “នៅទីបញ្ចប់ វាមិនដំណើរការឡើយ ដោយហេតុផលផ្សេងៗ។ ខ្ញុំមិនចង់បន្ទោសកីឡាករចំពោះរឿងនោះទេ។ គាត់បានជ្រើសរើសអ្វីដែលគាត់គិតថាប្រសើរជាងគេ សម្រាប់គាត់”។
ដូចគ្នានេះដែរ Cristiano Ronaldo ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមម្ចាស់ជើងឯក Bundesliga ផងដែរ ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងស្វែងរកក្លឹបថ្មីដែលមានឱកាសលេង UEFA Champions League នៅរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ Salhihamidzic បានបញ្ជាក់យ៉ាងច្បាស់ថា “ពេលនេះអ្នកទាំងអស់គ្នាបានឃើញពីរបៀបដែលក្រុមរបស់យើងលេងនៅតំបន់ប្រយុទ្ធហើយ ទោះបីគ្មាន Robert Lewandowski ក៏ដោយ។ លើសពីនេះវាជាក៏មានពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ។ យើងមានកីឡាករប្រាំបីនាក់សម្រាប់លេងតំណែងបួនផ្សេងៗគ្នា។ យើងបានបង្កើតកីឡាករកំពូលៗដែលស្ថិតក្នុងយុគសម័យរបស់ពួកគេជាមួយគ្នា”។
ប្រភព: Dailypost NG