បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នាយប់នេះ Raphinha ថា Manchester United ជាក្លឹបល្អបំផុតមួយក្នុងពិភពលោក
ខ្សែប្រយុទ្ធ Raphinha របស់ក្លឹបអ្នកមានបុណ្យ Barcelona បាននិយាយថា ក្រុមរបស់ខ្លួននឹងមានការសាកល្បងបទពិសោធន៍ថ្មីដ៏តឹងតែងមួយ ជាមួយក្លឹបបិសាចក្រហម Manchester United ដែលខ្លួនចាត់ទុកថា ជាក្លឹបល្អបំផុតមួយនៅលើពិភពលោក។ ក្រុមទាំង 2 នឹងធ្វើការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League រំលងអាធ្រាតនេះម៉ោង 12:45 (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញក្លឹបយក្សនៅកាតាឡាន់ Barcelona នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម សម្រាប់ការប្រកួតជើងទី 1 មុនពេលក្រុមទាំង 2 ប៉ះគ្នាម្តងទៀតនៅ Old Trafford សប្តាហ៍ក្រោយ (ថ្ងៃទី 24 ខែកុម្ភៈ)។
ទន្ទឹមនឹងនេះដែរ មុនការប្រកួតមកដល់ Raphinha បានសរសើរនូវទម្រង់លេងរបស់ Manchester United ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះអះអាងថា ការប្រកួតជាមួយបិសាចក្រហម គឺជាការប្រកួតដ៏លំបាកមួយ ហើយក្រុមរបស់គាត់នឹងត្រូវការប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ដើម្បីអាចយកឈ្នះក្រុមម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាលមួយនេះ។
ប្រភព: Sportsmole