បាល់ទាត់អន្តរជាតិ
Karim Benzema ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង

ខ្សែប្រយុទ្ធឆ្នើម Karim Benzema របស់ក្លឹបអធិរាជស Real Madrid និងជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំងបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ កាលពីម្សិលមិញនេះ បន្ទាប់ពីព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 បានបញ្ចប់។
យ៉ាងណាមិញកីឡាករវ័យ 35 ឆ្នាំរូបនេះមិនបានជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិក្នុងចន្លោះឆ្នាំ 2015 រហូតដល់ 2021 មកម្ល៉េះ បន្ទាប់មកទើបត្រូវបានគ្រូបង្វឹកលោក Didier Deschamps កោះហៅមកលេងជាមួយក្រុមជម្រើសជាតិវិញសម្រាប់ការប្រកួត Euro 2020 កាលពីឆ្នាំមុន។
ទោះបីជាខ្សែប្រយុទ្ធរូបនេះហាក់ដូចជាសប្បាយចិត្តជាមួយនឹងការឈ្នះពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួនក៏ដោយ តែពាក់កណ្តាលនៃដើមរដូវកាលដំបូងក្នុងឆ្នាំ 2022-2023 នេះ Karim Benzema ត្រូវបានរំខានដោយរបួសជាបន្តបន្ទាប់។ ប៉ុន្តែយ៉ាងណាក៏ដោយ គាត់ត្រូវបានលោក Didier Deschamps ហៅឲ្យចូលរួមជាមួយនឹងការប្រកួត World Cup នៅកាតា។
ក្នុងអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមលេង World Cup មួយរយៈពេលខ្លី Karim Benzema បែរជាបានរងរបួសភ្លៅជាថ្មីម្ដងទៀត ហើយត្រូវបានដកឈ្មោះចេញពីការប្រកួតបណ្ដោះអាសន្ន។ ទន្ទឹមនឹងនេះដែរលោក Didier Deschamps មិនបានកោះហៅបេក្ខភាពថ្មីដើម្បីជំនួស Benzema ឡើយ ដោយរងចាំការខ្សែប្រយុទ្ធរូបនេះព្យាបាលរបួសរយៈពេល 3 សប្តាហ៍។ បន្ទាប់ពីជារបួស Karim Benzema អាចចូលលេងប្រកួតចុងក្រោយ ដែលជាការប្រកួតវគ្គផ្ដាច់ព្រ័តជាមួយអាហ្សង់ទីន។ យ៉ាងណាលោក Didier Deschamps បានសម្រេចចិត្តមិនកោះហៅខ្សែប្រយុទ្ធរូបនេះមកវិញឡើយ ហើយក្រុមជម្រើសជាតិបារាំងក៏បានចាញ់ក្នុងវគ្គផ្ដាច់ព្រ័តជាមួយអាហ្សង់ទីនផងដែរ។
Karim Benzema លេងឲ្យក្រុមជម្រើសជាតិបារាំងបានសរុប 97 ប្រកួត និងស៊ុតបញ្ចូលទីបាន 37 គ្រាប់។ កីឡាករឆ្នើមរូបនេះ ចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងនាមជាអ្នកដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទី 5 របស់បារាំង ដែលតាមពីក្រោយ Olivier Giroud, Thierry Henry, Antoine Griezmann និង Michel Platini។
ប្រភព: Sportsmole