បាល់ទាត់អន្តរជាតិ
West Ham កំពុងពិចារណាចង់ខ្ចីជើង Aaron Wan-Bissaka

ក្លឹបញញួរធំ West Ham United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Aaron Wan-Bissaka ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបិសាចក្រហម Manchester United នៅទីផ្សារដោះដូរកីឡាករក្នុងខែមករាដើមឆ្នាំក្រោយ។
យ៉ាងណាមិញអតីតខ្សែការពារឆ្នើមរបស់ក្លឹប Crystal Palace រូបនេះ បានចូលលេងត្រឹមតែ 4 នាទីប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Erik ten Hag ខណៈដែល Diogo Dalot តែងតែជាជម្រើសដំបូងជានិច្ចនៅតំបន់ខ្សែការពារស្តាំ។
Diogo Dalot ធ្លាប់បានខកខានមិនបានចូលលេងតែ 1 ប្រកួតប៉ុណ្ណោះក្នុងលីគនៅរដូវកាលនេះ ដោយសារតែជាប់ពិន័យកាតលឿងលើកទី 5។ ស្របពេលដែល Diogo Dalot មិនអាចចូលលេងបាន គ្រូបង្វឹកបានជ្រើសរើសជម្រើសផ្សេងដោយប្រើប្រាស់ខ្សែការពារ Tyrell Malacia។ ទាំងនេះបញ្ជាក់ថា Aaron Wan-Bissaka មិនមែនជាកីឡាករដែលស្ថិតក្នុងតម្រូវការរបស់ក្លឹបឡើយ។
យ៉ាងណាមិញកាសែត Manchester Evening News ថ្មីៗនេះបានរាយការណ៍ថា ក្លឹប West Ham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Wan-Bissaka ក្នុងលក្ខខណ្ឌខ្ចីជើងនៅឆ្នាំក្រោយ ខណៈដែលបច្ចុប្បន្នបេក្ខភាពខ្សែការពារស្ដាំរបស់ពួកគេមានដូចជា Vladimir Coufal, Ben Johnson និង Thilo Kehrer។ ដូចគ្នានេះដែរ West Ham ត្រូវបានគេគិតថា កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកតំណាងរបស់ខ្សែការពារ Wan-Bissaka ទៀតផង។
ប្រភព: Metro