បាល់ទាត់អន្តរជាតិ
Amrabat កំពុងអន់ចិត្តជាមួយ Fiorentina ដែលមិនអនុញ្ញាតឲ្យគាត់ផ្ទេរទៅ Barcelona

ខ្សែបម្រើឆ្នើម Sofyan Amrabat ត្រូវបានគេរាយការណ៍ថា កំពុងអន់ចិត្តនឹងទង្វើនៃក្លឹបបច្ចុប្បន្នរបស់ខ្លួន Fiorentina ដែលបានបដិសេធសំណើរខ្ចីជើងរបស់ Barcelona ក្នុងខែមករានេះ ខណៈដែលក្លឹបយក្សកាតាឡាន់ចង់បានខ្សែបម្រើកណ្ដាលសញ្ជាតិម៉ារ៉ុករូបនេះជាខ្លាំង ដើម្បីមកជំនួសកន្លែងរបស់ Sergio Busquets។
ក្លឹបយក្សកាតាឡាន់ Barcelona បានកំណត់យក Sofyan Amrabat គឺជាគោលដៅផ្ទេរដ៏មានសក្តានុពលមួយ ហើយពួកគេបានព្យាយាមចុះហត្ថលេខាលើកីឡាកររូបនេះនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករក្នុងខែនេះ។
សេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានស្នើខ្ចីជើង Amrabat ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រា ប៉ុន្តែសំណើរទាំងនោះត្រូវបានក្លឹបអ៊ីតាលី Fiorentina បដិសេធ។ ទន្ទឹមនឹងនេះដែរ Amrabat ពិតជាចង់ផ្ទេរមកទឹកដីអេស្ប៉ាញជាខ្លាំង តែអ្វីៗមិនអាចសម្រេចបាន និងធ្វើឲ្យកីឡាកររូបនេះមិនសប្បាយចិត្ត ហើយថែមទាំងត្រូវបានគេដឹងថា គាត់មិនបានមកហ្វឹកហាត់ជាមួយក្រុមនៅប៉ុន្មានថ្ងៃចុងក្រោយនេះទៀតផង។
ប្រភព: Sportsmole