បាល់ទាត់អន្តរជាតិ
Amrabat ក្លាយជាកីឡាករសញ្ជាតិម៉ារ៉ុកដំបូងគេ ដែលលេងឲ្យក្លឹបបិសាចក្រហម Manchester United

ក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាលើកីឡាករ Sofyan Amrabat ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពេញមួយរដូវកាលពីក្លឹប Fiorentina និងអាចទិញផ្ដាច់កុងត្រានៅឆ្នាំបន្ទាប់ផងដែរ។ យ៉ាងណាមិញ Sofyan Amrabat គឺជាកីឡាករចំណូលថ្មីចុងក្រោយគេរបស់បិសាចក្រហមនៅរដូវក្ដៅនេះ។
Sofyan Amrabat ត្រូវបានគេមើលឃើញពីភាពលេចធ្លោរ និងចាប់អារម្មណ៍ខ្លាំងក្នុងអំឡុងពេលដែលគាត់បង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិ ជាងការបង្ហាញខ្លួនឲ្យក្លឹប Fiorentina។ ខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះ បានលេងប្រកួតសរុបឲ្យក្រុមជម្រើសជាតិម៉ារ៉ុករបស់គាត់ 49 ប្រកួត គិតចាប់តាំងពីឆ្នាំ 2017 មក។ Amrabat បានលេងពេញម៉ោងនៃការប្រកួតរបស់ក្រុមជម្រើសជាតិ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2022។
ការចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United បានធ្វើឲ្យ Sofyan Amrabat ក្លាយជាកីឡាករសញ្ជាតិម៉ារ៉ុកដំបូងគេដែលលេងឲ្យក្លឹបយក្សរបស់អង់គ្លេសមួយនេះ។ កើតនៅទីក្រុង Huizen ប្រទេសហូឡង់ Amrabat បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ជាមួយក្លឹប FC Utrecht ហើយនៅទីនោះ គាត់បានក្លាយជាកូនក្រុមរបស់គ្រូបង្វឹកលោក Erik ten Hag ជាលើកដំបូងផងដែរ។
ប្រភព: Premierleague