បាល់ទាត់អន្តរជាតិ
Jordi Alba ថា ការប្រៀបធៀបរវាង Messi និង Cristiano Ronaldo បានបញ្ចប់យូរណាស់មកហើយ

ខ្សែការពារ Jordi Alba របស់ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើការអះអាងយ៉ាងមុតមាំទាក់ទងនឹងការជជែកដេញដោលពីកីឡាករល្អបំផុតរវាង Lionel Messi និង Cristiano Ronaldo ដោយគាត់បានចាត់ទុកថា Lionel Messi ជាកីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
សម្រាប់មនុស្សជាច្រើនបានយល់ថា Lionel Messi បានក្លាយជាកីឡាករល្អបំផុតលើ Cristiano Ronaldo នៅពេលដែលគាត់បានឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។ ស្របពេលជាមួយគ្នានេះ កីឡាករព័រទុយហ្គាល់ Cristiano Ronaldo មិនធ្លាប់បានឈ្នះពាននេះឡើយ។
Jordi Alba ធ្លាប់បានលេងជាមួយ Lionel Messi អស់រយៈពេល 9 រដូវកាលនៅ Barcelona ដោយអ្នកទាំង 2 បានក្លាយជាមិត្តរួមក្រុមដែលលេងបានស៊ីចង្វាក់គ្នាបំផុត។ ថ្មីៗនេះគាត់ត្រូវបានសួរដោយ Adri Conteras ថា តើការជជែកដេញដោលស្វែងរកកីឡាករល្អបំផុតរវាង Lionel Messi និង Cristiano Ronaldo បានបញ្ចប់ហើយ រឺនៅ? ពេលនោះគាត់បានឆ្លើយតបថា៖ “ការជជែកដេញដោយនោះ គួរតែបញ្ចប់ជាយូរមកហើយ”។ Jordi Alba ក៏ត្រូវបានគេសួរសំណួរមួយទៀតថា តើអ្នកណានឹងឈ្នះពាន Ballon d’Or ឆ្នាំ 2023? គាត់ក៏បានឆ្លើយថា៖ “Lionel Messi”។
ប្រភព: Sportskeeda