បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមផ្ទេរខ្សែបម្រើសញ្ជាតិប្រេស៊ីល Guimaraes របស់ Newcastle

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមដាក់ដេញថ្លៃលើខ្សែបម្រើ Bruno Guimaraes របស់ក្លឹប Newcastle United នៅរដូវក្ដៅខាងមុខ។ ក្លឹបយក្សនៅអេស្ប៉ាញមួយនេះកំពុងស្វែងរកការកែប្រែតំបន់បម្រើរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែល Eduardo Camavinga និង Aurelien Tchouameni មិនទាន់មានភាពលេចធ្លោរគ្រប់គ្រាន់ដល់កម្រិតដែលក្លឹបចង់បានឡើយ។
ដូចគ្នានេះដែរ ជាមួយនឹង Luka Modric និង Toni Kroos ដែលមានអាយុកាន់តែច្រើន និងកំពុងមានគម្រោងចង់ចូលនិវត្តន៍នៅក្លឹបនោះ Real Madrid ចាំបាច់ត្រូវនាំយកខ្សែបម្រើចំណូលថ្មីនៅរដូវក្ដៅខាងមុខនេះ។ ពួកគេបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរ Jude Bellingham ប៉ុន្តែការផ្ទេរកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវចំណាយប្រាក់ដ៏ច្រើនលើសលប់។
មិនទាន់មាននរណាម្នាក់ដឹងច្បាស់ថា តើផែនការផ្ទេររបស់ Real នៅមុនរដូវកាលឆ្នាំ 2023-2024 យ៉ាងណានោះទេ ប៉ុន្តែ Guimaraes គឺជាបេក្ខភាពមួយក្នុងចំណោមកីឡាករផ្សេងទៀតដែលស្ថិតក្នុងចិត្តរបស់ពួកគេ។ ទោះបីជាខ្សែបម្រើរូបនេះនៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នហូតដល់ឆ្នាំ 2026 ក៏ដោយ ប៉ុន្តែគាត់នឹងឆក់យកឱកាសក្នុងការផ្ទេរទៅកាន់ក្លឹបផ្សេង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងនេះ ហើយជាពិសេសអាចលេងនៅក្នុងការប្រកួតធំៗដូចជា UEFA Champions League ជាដើម។
ប្រភព: Sportsmole