បាល់ទាត់អន្តរជាតិ
Roberto Firmino នឹងចាកចេញទៅទឹកដីអេស្ប៉ាញ ដើម្បីចូលរួមជាមួយក្លឹប Barcelona

កីឡាករ Roberto Firmino ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងជាមួយក្លឹបអ្នកមានបុណ្យ Barcelona មុនពេលគាត់ចាកចេញពីទឹកដី Anfield។ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេដឹងថា ហាក់ដូចជាកំពុងមានចេតនាក្នុងការផ្ទេរទៅកាន់ទឹកដី Camp Nou រដូវកាលក្រោយ។
យ៉ាងណាមិញបុរសវ័យ 31 ឆ្នាំរូបនេះនឹងចាកចេញពី Liverpool នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់ចុងបញ្ចប់នៃរដូវកាលនេះ។ Roberto Firmino បានរួមរស់ជាមួយ Liverpool ដែលជាទ្រនំខ្លួនធ្លាប់នៅអស់រយៈពេល 8 ឆ្នាំមកហើយ គិតចាប់តាំងពីការផ្ទេរកាលពីឆ្នាំ 2015 ដោយផ្ទេរពី TSG Hoffenheim។
ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino បានធ្លាក់ទម្រង់លេងនៅ Anfield ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែរបួស និងវត្តមានរបស់កីឡាករចំណូលថ្មីរបស់ក្លឹប។ យោងតាមរបាយការណ៍ពី Onefootball បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយ Barcelona។ ដូចគ្នានេះដែរ Barcelona ត្រូវបានគេគិតថា នឹងព្យាយាមលក់ចេញ Ansu Fati និង Ferran Torres ដើម្បីជាឱកាសក្នុងការចុះហត្ថលេខាលើ Roberto Firmino។
ប្រភព: Sportsmole