Connect with us

បាល់ទាត់អន្តរជាតិ

PSG ប្រាប់​ឲ្យ Sergio Ramos កាត់​បន្ថយ​ប្រាក់​ខែ ប្រសិន​បើ​ចង់​បាន​កុងត្រា​ថ្មី ដើម្បី​នៅ​ទឹកដី​បារាំង​បន្ត​ទៀត

Published

on

ខ្សែការពារ Sergio Ramos ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ត្រូវ​កាត់​បន្ថយ​ប្រាក់ខែ​របស់​ខ្លួន ប្រសិន​បើ​គាត់​ចង់​បន្ត​កុងត្រា​របស់​ខ្លួន​នៅ Paris Saint-Germain បន្ត​ទៀត។

យ៉ាង​ណា​មិញ ខ្សែ​ការពារ​វ័យ 36 ឆ្នាំ​រូបនេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៃ​អនាគត​របស់​គាត់​នៅ Parc des Princes ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​ខ្លួន នឹង​ត្រូវ​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

Sergio Ramos បាន​ចាកចេញ​ពី​ទ្រនំ​ដែល​ខ្លួន​ធ្លាប់​រស់នៅ​រយៈពេល 16 ឆ្នាំ Real Madrid ដោយ​បាន​ចូលរួម​ជាមួយ PSG នៅ​រដូវក្តៅ​ឆ្នាំ 2021 ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ត្រូវ​បាន​ជួប​នឹង​បញ្ហា​របួស​ក្នុង​រដូវកាល​ដំបូង​របស់​គាត់ ហើយ​បាន​បង្ហាញ​ខ្លួន​ត្រឹមតែ 13 ប្រកួត​ប៉ុណ្ណោះ​នៅ​ពេល​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី​ដើម​រដូវកាល​នេះ និង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Christophe Galtier គាត់​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ជា​ប្រចាំ​ដោយ​ក្លាយ​ជា​ជម្រើស​ដំបូង 32 ប្រកួត ក្នុង​ចំណោម 36 ប្រកួត​របស់​ក្លឹប។ ដោយ​ឡែក របាយការណ៍​កាល​ពី​ខែ​មុន​បាន​អះអាង​ថា PSG មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​កុងត្រា​ថ្មី​ដល់ Ramos រឺ​អត់​នោះ​ទេ ព្រោះ​គាត់​មាន​ប្រាក់​ពលកម្ម​ថ្លៃ​រហូត​ដល់ 225,000 ផោន​ក្នុង​មួយ​សប្តាហ៍។

ថ្មីៗ​នេះ​របាយការណ៍​ពី Sport បាន​អះអាង​ថា PSG មិន​មាន​ចេតនា​សម្រាប់​ឲ្យ Ramos បន្ត​នូវ​កុងត្រា​ថ្មី ដែល​មាន​លក្ខខណ្ឌ​ដូច​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ឡើយ ហើយ​ខ្សែការពារ​រូប​នេះ​នឹង​ត្រូវ​កាត់​បន្ថយ​ប្រាក់​ខែ ប្រសិន​បើ​គាត់​ចង់​បន្ត​នៅ Parc des Princes នៅ​រដូវ​កាល​ក្រោយ​បន្ត​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២