Connect with us

បាល់ទាត់អន្តរជាតិ

Sergio Ramos បំបែក​កំណត់ត្រា ក្លាយ​ជា​ខ្សែការពារ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​នៅ UEFA Champions League

Published

on

ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​របស់​ក្លឹប Sevilla គឺ​កីឡាករ Sergio Ramos បាន​ស៊ុត​បាល់​ប៉េណាល់​ទី​នៅ​នាទី​ទី 79 នៃ​ការ​ប្រកួត​កាល​ពី​រំលង​អាធ្រាត​យប់​មិញ ដែល​ជា​គ្រាប់បាល់​តាម​ស្មើ 1-1 ទល់​នឹង​ក្លឹប Lens។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ចុងក្រោយ​ក្នុង​វគ្គ​ចែកពូល​នៃ​ក្របខ័ណ្ឌ UEFA Champions League នេះ ក្រុម​របស់​គាត់​បាន​ចាញ់ Lens 2 ទល់​នឹង 1។

ការ​ចាញ់​នេះ​ដែរ បាន​ធ្វើ​ឲ្យ Sevilla ធ្លាក់​ចេញ​ពី​ក្របខណ្ឌ UEFA Champions League និង​ជា​ក្រុម​បាតតារាង​ក្នុង​ពូល ដោយ​គ្មាន​ទាំង​ឱកាស​លេង Europa League ផងដែរ។ ទោះ​ជា​យ៉ាង​ណា ការ​រក​បាន​មួយ​គ្រាប់​ពី Sergio Ramos បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ក្លាយ​ជា​ខ្សែការពារ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ UEFA Champions League។

កីឡាករ​វ័យ 37 ឆ្នាំ​រូបនេះ ជា​ខ្សែការពារ​ដ៏អស្ចារ្យ ដែល​មាន​ស្ថិតិ​នៃ​ការ​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League។ គ្រាប់​បាល់​ចុង​ក្រោយ​កាល​ពី​ប្រកួត​រំលង​យប់​មិញ​នេះ ជា​​គ្រាប់បាល់​ទី 17 របស់ Ramos នៅ UCL។ ខ្សែការពារ​កណ្ដាល​រូប​នេះ បាន​វ៉ា​ដាច់​មិត្ត​រួម​សញ្ជាតិ​របស់​គាត់ Gerard Pique ដែល​មាន 16 គ្រាប់ និង​វ៉ា​ដាច់​កំណត់​ត្រា​របស់អតីត​វីរបុរស​ឆ្នើម Roberto Carlos ដែល​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី 16 គ្រាប់​ដូច​គ្នា។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២