បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម ត្រៀមដោះដូរ Victor Lindelof ជាមួយ Dumfries

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់យកខ្សែការពារស្លាប Denzel Dumfries របស់ Inter Milan ជាគោលដៅផ្ទេរដំបូងគេ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ហើយពួកគេអាចនឹងប្រើប្រាស់ Victor Lindelof ក្នុងកិច្ចព្រមព្រៀងផ្ទេរមួយនេះផងដែរ។
យ៉ាងណាមិញ Victor Lindelof ស្ទើរតែគ្មានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូងសម្រាប់បិសាចក្រហមទាំងស្រុងទៅហើយ នៅរដូវកាលនេះ ដោយគាត់បង្ហាញខ្លួនត្រឹមតែ 5 ប្រកួត ក្នុងក្របខ័ណ្ឌ Premier League ខណៈដែលគាត់មានឱកាសខ្លះៗបន្ថែមទៀតនៅ Europa League។
នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រៅពីការពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធរបស់ខ្លួនលោក Erik ten Hag ក៏កំពុងមានគម្រោងនាំយកខ្សែការពារចំណូលថ្មីបន្ថែមទៀតផងដែរ ដោយកីឡាករដែលគាត់ចង់បានបំផុត គឺខ្សែការពារសញ្ជាតិហូឡង់ Denzel Dumfries។ ដូចគ្នានេះដែរ ថ្មីៗនេះយោងតាម Football Insider បានអះអាងថា ក្លឹប Manchester United និង Inter Milan អាចនឹងឈានដល់ព្រមព្រៀងគ្នា ដើម្បីដោះដូរ Dumfries ជាមួយ Lindelof ហើយក្លឹបបិសាចក្រហមអាចនឹងបន្ថែមប្រាក់មួយចំនួនលើការផ្ទេរនេះ។
ប្រភព: Sportsmole