បាល់ទាត់អន្តរជាតិ
Manchester United ត្រៀមជះលុយ 143 លានផោន ដើម្បីផ្ទេរកីឡាករឆ្នើម 2 រូបរបស់ Napoli

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ខ្ទង់ 143 លានផោន សម្រាប់ការនាំយកកីឡាករចំណូលថ្មី 2 រូប នៅរដូវក្ដៅខាងមុខនេះ ដោយកីឡាករនោះគឺខ្សែប្រយុទ្ធ Victor Osimhen និងខ្សែការពារ Kim Min-jae របស់ Napoli។
យ៉ាងណាមិញស្របពេលដែល Victor Osimhen និង Kim Min-jae កំពុងលេចធ្លោរខ្លាំងផងនោះ បច្ចុប្បន្ន Napoli ក៏កំពុងរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យរបស់ខ្លួន ដោយពួកគេត្រៀមនឹងលើកពានលីគកំពូលអ៊ីតាលី Serie A ដែលក្លឹបរបស់ពួកគេបានខកខានលើកវាអស់រយៈពេល 33 ឆ្នាំមកហើយ។
Napoli ដែលដឹកនាំដោយគ្រូបង្វឹកលោក Luciano Spalletti បានឈ្នះ 22 ប្រកួត ក្នុងចំណោម 26 ប្រកួតក្នុងលីគរបស់ពួកគេនៅរដូវកាលនេះ ហើយ Napoli កំពុងមានគម្លាតពិន្ទុឆ្ងាយមែនទែនពីក្រុមលេខ 2 Inter Milan រហូតដល់ 18 ពិន្ទុឯណោះ។ ពួកគេក៏បានឡើងទៅកាន់ការប្រកួត UEFA Champions League វគ្គ 8 ក្រុមចុងក្រោយផងដែរ ដែលត្រូវជួបជាមួយ AC Milan។
ដោយសារតែភាពជោគជ័យរបស់ពួកគេក្នុងរដូវកាលនេះ កីឡាករសំខាន់ៗមួយចំនួនរបស់ Napoli កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។ យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា Manchester United កំពុងរៀបចំផែនការចាយលុយ 143 លានផោន ដើម្បីផ្ទេរ Victor Osimhen និង Kim Min-jae ពី Napoli នៅចុងបញ្ចប់នៃរដូវកាលនេះ។
បិសាចក្រហមកំពុងខ្វះខ្សែប្រយុទ្ធកណ្ដាលដែលមានគុណភាពមួយរូប ហើយពួកគេបានចុះហត្ថលេខាខ្ចីជើង Wout Weghorst កាលពីខែមករាកន្លងទៅ ប៉ុន្តែពួកគេនឹងមិនទិញផ្ដាច់កុតត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះឡើយ ហើយ Victor Osimhen គឺជាបេក្ខភាពដែលពួកគេចង់បានបំផុតសម្រាប់លេងតំណែងនេះ។ បិសាចក្រហមក៏ចង់ពង្រឹងតំបន់ខ្សែការពាររបស់ពួកគេផងដែរ ហើយត្រូវបានគេរាយការណ៍ថា បានកំពុងតាមដានមើលពីគុណភាព និងការវិវត្តរបស់ខ្សែការពារសញ្ជាតិកូរ៉េខាងត្បូង Kim Min-jae។
ប្រភព: Sportskeeda