បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមតម្លើងប្រាក់ខែឲ្យ Bukayo Saka ក្លាយជាកីឡាករដែលរកប្រាក់បានច្រើនជាងគេរបស់ក្លឹប

ខ្សែប្រយុទ្ធស្លាប Bukayo Saka របស់ក្លឹបកាំភ្លើងធំ Arsenal គ្រោងនឹងចុះកុងត្រាថ្មី រយៈពេលវែងជាមួយក្លឹបរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ យោងតាម The Sun UK បានឲ្យដឹងថា កិច្ចព្រមព្រៀងកុងត្រាថ្មីរបស់គាត់នោះ នឹងទទួលបានប្រាក់ខែគុណនឹងប្រាក់ខែបច្ចុប្បន្ន 4 ដង ដែលនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតប្រចាំក្លឹបកាំភ្លើងធំ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអង់គ្លេស Bukayo Saka នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះគាត់កំពុងត្រៀមយល់ព្រមលើកុងត្រាថ្មីដើម្បីបន្តជីវិតនៅ Emirates រហូតដល់ឆ្នាំ 2028។ រដូវកាលនេះ Saka កាន់តែបង្ហាញភាពលេចធ្លោរខ្លាំង ដោយរកបានគ្រាប់បាល់ 12 គ្រាប់ នៅ Premier League ខណៈដែល Arsenal បានបន្តឈរនៅកំពូលតារាង Premier League និងកំពុងមានភាគរយខ្ពស់ក្នុងការលើកពានលីគនៅរដូវកាលនេះផងដែរ។
ប្រាក់ឈ្នួលបច្ចុប្បន្នប្រចាំសប្តាហ៍របស់ Bukayo Saka មានចំនួន 70,000 ផោន ក្នុងមួយសប្តាហ៍ ហើយប្រាក់ពលកម្មជាមួយកុងត្រាថ្មី នឹងឡើងដល់ 300,000 ផោន ក្នុងមួយសប្តាហ៍។ ដូច្នេះ Saka នឹងក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅក្លឹប ដោយលើសពីប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន 250,000 ផោន របស់ខ្សែប្រយុទ្ធ Gabriel Jesus ទៅទៀត។
ប្រភព: Dailypost NG