បាល់ទាត់អន្តរជាតិ
Chelsea កំពុងពិចារណាទិញផ្ដាច់កុងត្រារបស់ Joao Felix ពីក្លឹប Atletico Madrid

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាទិញផ្ដាច់កុងត្រារបស់កីឡាករខ្ចីជើង Joao Felix នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះជាកម្មសិទ្ធិរបស់ក្លឹប Atletico Madrid។ យ៉ាងណាមិញ Felix បានចុះហត្ថលេខាជាមួយតោខៀវ Chelsea នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅ ដោយចូលរួមជាមួយនឹងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាល 2022-2023 នេះ។
ទោះបីជាខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់បាល់ត្រឹមតែ 2 គ្រាប់ ក្នុងការបង្ហាញខ្លួន 12 ប្រកួតរបស់តោខៀវ Chelsea ក៏ដោយ ប៉ុន្តែគាត់មានទម្រង់លេងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការមកដល់ Stamford Bridge ជាពិសេសគាត់លេងបានល្អជាង Mykhailo Mudryk ដែលក្លឹបតោខៀវបានចំណាយលុយខ្ពង់ 62 លានផោនទៅទៀត។
ថ្វីត្បិតតែ Joao Felix បានខ្ចីជើងទៅតោខៀវ Chelsea ពិតមែន ប៉ុន្តែកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅមានកុងត្រាជាមួយ Atletico Madrid រហូតដល់ខែមិថុនា ឆ្នាំ 2027។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងរៀបចំផែនការសម្រាប់អនាគតដ៏វែងឆ្ងាយ ហើយពួកគេចង់បញ្ចូល Joao Felix នៅក្នុងគម្រោងនោះដែរ។ ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Chelsea សប្បាយចិត្តជាមួយនឹងការរីកចម្រើនរបស់គាត់នៅក្លឹប ហើយជាលទ្ធផល ពួកគេនឹងចំណាយប្រាក់មួយចំនួនធំនៅរដូវក្តៅនេះ។
ប្រភព: Sportsmole