បាល់ទាត់អន្តរជាតិ
Camavinga ប្រាប់ឈ្មោះកីឡាករមួយរូប ដែលខ្លួនរៀនសូត្រតាម

ខ្សែបម្រើ Eduardo Camavinga របស់ក្លឹបអធិរាជស Real Madrid បានប្រាប់ឈ្មោះកីឡាករឆ្នើមមួយរូបដែលជាអតីតកីឡាករធ្លាប់លេងនៅក្លឹប Rennes គឺ Benjamin Andre ថាជាកីឡាករដែលគាត់រៀនសូត្រតាម ដើម្បីកែលម្អរនូវចំណុចខ្វះខាតរបស់ខ្លួនកន្លងមក ខណៈដែលគេក៏ជាអតីតកីឡាកររបស់ក្លឹប Rennes ដូចគ្នាដែរ។
Camavinga បាននិយាយថា គាត់បានរៀនពីវិធីសាស្ត្រស្លាយដណ្ដើមយកបាល់ពីគូប្រកួតដូច Benjamin Andre ហើយបានអនុវត្តវានៅក្នុងការប្រកួតរបស់គាត់នៅ Real Madrid។ ទន្ទឹមនឹងនេះដែរ យើងឃើញថា បច្ចុប្បន្នកីឡាករវ័យ 20 ឆ្នាំ Eduardo Camavinga បានក្លាយជាកីឡាករដ៏សំខាន់ ដែលអាចលេងបានច្រើនតំបន់នៅលើទីលានប្រកួតសម្រាប់ Real Madrid។
ក្រៅពីទីតាំងជាខ្សែបម្រើដែលជាជំនាញពិតប្រាកដរបស់ Camavinga គាត់ក៏ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងជាខ្សែការពារឆ្វេងផងដែរ។ ជាក់ស្ដែងកីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញសមត្ថភាពយ៉ាងល្អនៅលើទីលានប្រកួត។ Camavinga បានបង្ហើបថា៖ “ខ្ញុំកំពុងរៀនតាម Benjamin Andre ពេលដែលគាត់លេងនៅ Rennes។ គាត់ស្លាយយកបាល់បានពីគូប្រកួតជាច្រើនដង ដោយជង្គង់មួយនៅនឹងដី ដែលអាចឲ្យគាត់ក្រោកឡើងបានយ៉ាងលឿន។ ឥឡូវខ្ញុំប្រើក្បាច់នេះ ហើយវាមានប្រសិទ្ធភាព”។
ប្រភព: Dailypost NG