បាល់ទាត់អន្តរជាតិ
Barcelona នាំយក Lamine Yamal ពីឈុតយុវជនថ្នាលដែលមានវ័យទើបតែ 15 ឆ្នាំ ត្រៀមប្រកួតទល់នឹង Atletico Madrid ថ្ងៃនេះ

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានបញ្ចូលឈ្មោះកីឡាករដែលមកពីឈុតយុវជនថ្នាល Lamine Yamal ដែលមានវ័យទើបតែ 15 ឆ្នាំ សម្រាប់ការប្រកួតក្របខណ្ឌកំពូល La Liga ទល់នឹងក្រុមភ្ញៀវ Atletico Madrid នៅម៉ោង 9:15 នាទីយប់នេះ។
Lamine Yamal គ្រោងនឹងបង្ហាញខ្លួនជាមួយក្រុមឈុតធំជាលើកដំបូង ដោយពាក់អាវលេខ 41។ ដោយឡែកខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះគឺជាកីឡាកររបស់ក្លឹប Barcelona តាំងពីគាត់អាយុ 5 ឆ្នាំ ដោយអភិវឌ្ឍន៍ខ្លួនកាន់តែរីកចម្រើនបន្តរហូតមក ខណៈដែលគាត់ក៏ធ្លាប់ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម 19 ឆ្នាំផងដែរ។
យ៉ាងណាមិញ Lamine Yamal នឹងអាចក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Barcelona ប្រសិនបើគាត់ត្រូវដាក់ឲ្យចូលលេងតទល់នឹងក្រុមរបស់លោក Diego Simeone។ ខ្សែប្រយុទ្ធរូបនេះមានអាយុ 15 ឆ្នាំ 285 ថ្ងៃ ហើយប្រសិនបើគាត់បង្ហាញខ្លួននៅ Camp Nou យប់នេះ នោះគាត់នឹងបំបែកកំណត់ត្រារបស់ Armand Martinez Sagi ដែលបង្ហាញខ្លួនលើកដំបូងក្នុងខែមេសា ឆ្នាំ 1922 ដោយមានអាយុ 15 ឆ្នាំ និង 11 ខែ។
ប្រភព: Sportsmole