បាល់ទាត់អន្តរជាតិ
Marseille កំពុងទាក់ទងចរចាផ្ទេរ Wilfried Zaha របស់ Crystal Palace

តារាឆ្នើមរបស់ក្លឹប Crystal Palace គឺកីឡាករ Wilfried Zaha ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការល្បួងពីក្លឹប Marseille ដែលស្ថិតនៅលីគកំពូលនៃប្រទេសបារាំង Ligue 1។ ដោយឡែកខ្សែប្រយុទ្ធស្លាបរូបនេះនឹងចប់កុងត្រារបស់ខ្លួនជាមួយក្លឹបបច្ចុប្បន្ននៅចុងបញ្ចប់នៃរដូវកាលនេះ ដែលមានន័យថា គាត់នឹងអាចចាកចេញពីទឹកដីអង់គ្លេស ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
យ៉ាងណាមិញ Wilfried Zaha គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Crystal Palace នេះផ្ទាល់តែម្ដង ហើយគាត់បានចូលលេងជាមួយឈុតធំជាលើកដំបូងនៅឆ្នាំ 2013 ហើយចាប់ទាំងពីពេលនោះមក ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័ររូបនេះបានបង្ហាញខ្លួនសរុប 456 ប្រកួតសម្រាប់ក្លឹប ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី 90 គ្រាប់ និង 76 Assist។
ថ្វីត្បិតតែ Wilfried Zaha ជាផ្នែកមួយដ៏សំខាន់របស់ក្លឹបក៏ដោយ ប៉ុន្តែបច្ចុប្បន្នកីឡាករឆ្នើមរូបនេះកំពុងពិចារណាចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះហើយ ដោយកន្លងមកគេបានដឹងថា គាត់ចង់ស្វែងរកការប្រកួតប្រជែងនៅក្លឹបថ្មី ដែលអាចមានឱកាសឈ្នះពានធំៗបាន។
ជាក់ស្ដែងថ្មីៗនេះ យោងតាមរបាយការណ៍ពីគេហទំព័រ 90min បានឲ្យដឹងថា អ្នកតំណាងរបស់ Zaha បានជួបពិភាក្សាជាមួយក្លឹប Marseille ដើម្បីស្វែងរកលទ្ធភាពនាំយកគាត់ទៅទឹកដីបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះ។ ផ្អែកតាមទម្រង់លេងរបស់ Marseille ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ 2 នៅ Ligue 1 ពួកគេនឹងមានភាគរយខ្ពស់ក្នុងការមានកៅអីលេងពាន UCL រដូវកាលក្រោយ ដែលនេះហើយជាផ្នែកមួយដែលអាចទាក់ចិត្ត Wilfried Zaha បាន។
ប្រភព: Sportsmole