បាល់ទាត់អន្តរជាតិ
Barcelona ចង់បានខ្សែការពារស្ដាំមួយរូបដែលលេងនៅ Feyenoord

ការស្វែងរកខ្សែការពារស្តាំរបស់ Barcelona នៅតែបន្តជាមួយនឹងការចាប់អារម្មណ៍ទៅលើ Lutsharel Geertruida របស់ Feyenoord ដែលត្រូវបានគេដឹងថា កំពុងមានទំនាក់ទំនងផ្ទេរជាមួយក្លឹបយក្សកាតាឡាន់នៅចុងបញ្ចប់នៃរដូវកាលនេះ។ របាយការណ៍ពីលោក Gerard Romero បានរាយការណ៍ថា Barcelona កំពុងបន្តការចាប់អារម្មណ៍លើកីឡាករវ័យ 22 ឆ្នាំ ដែលកំពុងលេចធ្លោរខ្លាំងនៅហូឡង់រូបនេះ។
ខ្សែការពារ Lutsharel Geertruida បានបង្ហាញខ្លួនចំនួន 38 ប្រកួតសម្រាប់ Feyenoord នៅរដូវកាលនេះ ហើយបានក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្រុមឲ្យការពារតំណែងជើងឯក Eredivisie ដែលជាលីគកំពូលនៃប្រទេសហូឡង់។ កីឡាកររូបនេះ ក៏បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិហូឡង់ក្នុងឆ្នាំនេះផងដែរ នៅក្នុងការប្រកួត Nations League កាលពីខែមីនា ក្រោមការដឹកនាំរបស់លោក Ronald Koeman។
Geertruida គឺជាអតីតយុវជនរបស់ក្លឹប Feyenoord ដោយគាត់បាននៅជាមួយក្លឹបនេះតាំងពីឆ្នាំ 2012 មកម្ល៉េះ។ ខ្សែការពារជំនាញជើងស្ដាំរូបនេះ នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរហូតដល់ខែមិថុនា ឆ្នាំ 2025 ដូច្នេះតម្លៃនៃការផ្ទេរចេញរបស់គាត់ក៏ពេញលេញផងដែរ។ ផ្សេងពីនេះ Barcelona នៅតែត្រូវការបន្ថែមនូវខ្សែការពារស្ដាំម្នាក់ទៀតនៅរដូវក្តៅនេះ ព្រោះរដូវកាលនេះពួកគេបានប្រើប្រាស់ Jules Kounde ឲ្យលេងការពារស្ដាំ ខណៈដែលកីឡាកររូបនេះមានជំនាញពិតប្រាកដជាខ្សែការពារកណ្ដាលប៉ុណ្ណោះ។
ប្រភព: Barcablaugranes