បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United ចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់ពិតមែន ប៉ុន្តែមិនមែនជា Neymar ឡើយ

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា មិនបានពិចារណាលើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Neymar Jr នោះឡើយ។ យ៉ាងណាមិញបិសាចក្រហម នឹងវិលត្រឡប់មកកាន់ការប្រកួតប្រជែង UEFA Champions League វិញនៅរដូវកាលក្រោយ ហើយគ្រូបង្វឹកលោក Erik ten Hag មានបំណងចង់ពង្រឹងខ្សែប្រយុទ្ធរបស់ខ្លួនបន្ថែមទៀត ដោយព្យាយាមរុះរើក្រុមនៅចុងបញ្ចប់នៃរដូវកាលនេះ។
កាលពីប៉ុន្មានថ្ងៃមុនមានរបាយការណ៍ជាច្រើនបានអះអាងថា ក្លឹបបិសាចក្រហមបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr. ប៉ុន្តែនៅថ្ងៃនេះ ផ្អែកតាមប្រភពជិតស្និទ្ធិមួយពី Manchester United បានអះអាងថា រឿងនេះមិនពិតឡើយ ហើយគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។
កីឡាករដែលក្លឹបបិសាចក្រហមចង់នាំយកទៅ Old Trafford ពិតប្រាកដនោះគឺ Harry Kane របស់ Tottenham Hotspur, Victor Osimhen របស់ Napoli និង Dusan Vlahovic របស់ Juventus។ ដូចគ្នានេះដែរ កាសែត Daily Mail ក៏បានចុះផ្សាយផងដែរថា គ្មានការពិភាក្សាណាមួយកំពុងត្រៀមធ្វើឡើងរវាង Manchester United និង PSG ឡើយ ហើយបច្ចុប្បន្ន Neymar មិនស្ថិតក្នុងចំណាប់អារម្មណ៍របស់បិសាចក្រហមឡើយ។
ប្រភព: Sportsmole